នៅទីបំផុតតារាចម្រៀងរ៉េប វណ្ណដា បានមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់កម្មវិធីចម្រៀងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅប្រទេសបារាំង។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១៤ សីហា តារាចម្រៀង វណ្ណដា ត្រូវបានមហាជននិងអ្នកសារព័ត៌មានបានមករង់ចាំទទួលយ៉ាងកក់ក្តៅ ដែលនៅក្នុងនោះមានវត្តមានឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិកាជាតិអូរឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិកាជាតិអូរឡាំពិកកម្ពុជា ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងរ៉េប វណ្ណដា ដែលមានឈ្មោះពេញ ម៉ាន់ វណ្ណដា ចង់និយាយមុនគេទៅមហាជនគឺចង់អរគុណលោកគ្រូគង់ណៃ ដែលជាចំណែកដ៏ធំមួយធ្វើអោយខ្លួនមានឈ្មោះបោះសម្លេងរហូតមកដល់ពេលនេះ ។

តារាចម្រៀងរ៉េប វណ្ណដា និយាយនៅពីមុខមហាជនដែលមករង់ចាំទទួលគាត់ថា មុនឡើងសម្តែងលើឆាកនៅប៉ារីស គាត់បានរំលឹកគុណដល់លោកគ្រូគង់ណៃ ។ វណ្ណដា បាននិយាយទៅកាន់ដួងព្រលឹងលោកតា គង់ ណៃ ថា ចៅបានធ្វើរឿងមួយទៀតហើយសម្រាប់លោកគ្រូ ។ គាត់ថា គាត់បានសន្យាថា នៅពេលមកដល់ខ្មែរភ្លាម គាត់នឹងទៅជួបលោកគ្រូ គង់ ណៃ ។

វណ្ណដា និយាយអំពីជោគជ័យក្នុងការបង្ហាញវត្តមាននៅប៉ារីសនេះថា «នេះគឺជាមោទកភាពសម្រាប់ខ្ញុំ សម្រាប់ប្រជាជាតិ និងសម្រាប់កម្ពុជា»។

សូមរំលឹកថា លោកគ្រូ គង់ ណៃ បានលាចាកលោកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកំពត។ នៅពេលនោះ វណ្ណដា បានសរសេរថា «ខ្ញុំអរគុណខ្លាំងណាស់ព្រោះលោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ»។ 

គួរបញ្ជាក់ថា តារាចម្រៀងរ៉េប វណ្ណដា នៅឆ្នាំ២០២១ បានតែងបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise» ដោយបានបញ្ចូលវីរភាពព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ។

តារាចម្រៀងរ៉េប វណ្ណដា បានបកស្រាយបទរ៉េបនេះ ដោយច្រៀងជាភាសាខ្មែរនិងអង់គ្លេសជាមួយព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ដោយបានរំលេចសម្លេងចាប៉ីដងវែង ដែលជាទំនើបភាពនៃសិល្បៈកម្ពុជា បូកបញ្ចូលសិល្បៈវប្បធម៌បុរាណ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។ នេះសរបញ្ជាក់ឱ្យឃើញថា សិល្បៈចម្រៀងនៅកម្ពុជានឹងរីកមុខមាត់កាន់តែធំទៅដល់ប្រទេសដទៃទៀត នឹងឱ្យជនបរទេសយល់ពីអ្វីដែលជារបស់ខ្មែរ តាមរយៈសាយភាយនៃបទចម្រៀងយុវវ័យមានលាយឡំជាមួយឧបករណ៍បុរាណខ្មែរ ។

បទនេះ ទទួលបានការគាំទ្រខ្លាំង ហើយតារាចម្រៀង វណ្ណដា និងលោកតា គង់ ណៃ បានយកបទ «Time To Rise» នេះ ទៅសម្តែងនៅក្នុងព្រឹត្តិការណ៍អូរឡាំពិកស៊ីហ្គេម នៅឯពហុកីឡដ្ឋានមរតកតេជោ ។

បទ «Time To Rise» នេះទៀត ត្រូវបានតារាចម្រៀង វណ្ណដា យកទៅបង្ហាញពិភពលោកនៅក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នៅប្រទេសបារាំងទៀត ដែលបានបង្ហាញអំពីកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

វត្តមានរបស់តារាចម្រៀងរ៉េប វណ្ណដា នៅលើឆាកតន្ត្រីប្រទេសបារាំងនេះ ទទួលបានការសាទរនិងលើកសរសើរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា