ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1999​​ ដោយសហគ្រិនសញ្ជាតិអង់គ្លេសលោក Maximillion Cooper ព្រឹត្តិការណ៍ Gumball 3000 បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោកដែលប្រារព្ធឡើងសម្រាប់អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ Gumball 3000 បានទាក់ទាញការចូលរួមយ៉ាងកុះករពីតារាល្បីៗ អ្នកមានឥទ្ធិពលក្នុងវិស័យពាណិជ្ជកម្ម និងអ្នកចូលចិត្តរថយន្តមកពីជាង 50 ប្រទេសជុំវិញពិភពលោក។ ការជួបជុំក្នុងព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនធ្វើឡើងសម្រាប់តែការបង្ហាញពីរថយន្តប្រណីត និងល្បឿនរបស់វាប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក។

រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 តែងតែស្វែងរក និងជ្រើសរើសផ្លូវថ្មីៗសម្រាប់ការធ្វើដំណើររបស់ខ្លួន ហើយផ្លូវដែលបានជ្រើសរើសត្រូវតែជាផ្លូវដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍រំភើប និងឱកាសដ៏អស្ចារ្យសម្រាប់ការផ្លាស់ប្តូរវប្បធម៌ក៏ដូចជាស្វែងយល់នូវអ្វីដែលថ្មីៗ។ លើសពីនេះព្រឹត្តិការណ៍ Gumball 3000 ក៏បានរួមចំណែកយ៉ាងច្រើនដល់មូលនិធិអង្គការសប្បុរសធម៌ ដោយរៃអង្គាសប្រាក់បានរាប់លានដុល្លារពីអ្នកចូលរួម និងសប្បុរសជនទូទាំងពិភពលោក ជាច្រើនឆ្នាំកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំ 2024​ នេះ ព្រឹត្តិការណ៍ Gumball 3000 នឹងបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាយើងដោយនាំមកជូននូវភាពរំភើបរីករាយ និងភាពទាក់ទាញដល់ប្រទេសកម្ពុជាក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះព្រឹត្តិការណ៍នេះនឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេសុី ហើយនឹងបញ្ចប់ដំណើររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងបង្ហាញអំពីតំបន់ទេសចរប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក ក៏ដូចជាណែនាំអ្នកគាំទ្រថ្មីៗឱ្យមានភាពរំភើបរីករាយក្នុងការចូលរួមធ្វើដំណើរ និងការចូលរួមបរិច្ចាគដល់មូលនិធិសប្បុរសធម៌។

ក្រុមហ៊ុន Smart Axiata​ ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជូននូវដំណោះស្រាយសេវាកម្មឌីជីថល និងជាដៃគូទូរគមនាគមន៍ ជូនដល់កម្មវីធីទាំងមូល បានចូលរួមជាមួយក្រុមហ៊ុន Chip Mong Group ដែលជាដៃគូសហការផ្ដាច់មុខក្នុងការនាំមកនូវព្រឹត្តិការណ៍ Gumball 3000 នេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart Axiata នឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បទពិសោធន៍ឌីជីថលដល់អ្នកចូលរួមធ្វើដំណើរក្នុងកម្មវិធីទាំងអស់អំឡុងពេលនៃព្រឹត្តិការណ៍ទាំងមូលដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ដំណោះស្រាយសេវាកម្មឌីជីថលទំនាក់ទំនងដ៏ទំនើបដែល Smart ផ្តល់ជូន ព្រឹត្តិការណ៍ទាំងមូលនឹងត្រូវផ្សព្វផ្សាយដោយទូលំទូលាយទូទាំងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់ឆាកអន្តរជាតិ។

រូបភាព

ស្ថិតក្នុងការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា ក្រុមហ៊ុន Chip Mong Group ក្រុមហ៊ុន Smart Axiata  និងស្ថាប័នពាក់ព័ន្ធនានា ការមកដល់ប្រទេសកម្ពុជារបស់ព្រឹត្តិការណ៍ Gumball 3000 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបន្សល់ទុកនូវឥទ្ធិពលទេសចរណ៍យូរអង្វែងដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]