ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ដោយបានកំណត់យកថ្ងៃទី១៣, ១៤ និង១៥ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់មហាព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៤នេះ ក្រសួងនៅមិនទាន់បង្ហើបឱ្យដឹងលម្អិតថាមានកម្មវិធីទាក់ទាញច្រើនប៉ុណ្ណានោះទេ លោកត្រឹមតែដឹងថា ក្រសួងនឹងធ្វើព្រឹត្តិការណ៍ឆ្នាំនេះឱ្យធំ ល្អ ប្លែក និងទាក់ទាញជាងបុណ្យសមុទ្រឆ្នាំមុនៗ ដោយក្រសួងនឹងបង្កើតឱ្យមានសកម្មភាពកម្សាន្តសប្បាយ ការតាំងបង្ហាញទាំងលើអាកាស លើទឹក និងនៅលើគោក ការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត និងកម្ពុជាទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ ពិសេសភ្ញៀវអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យទីតាំងទាំងបីកន្លែង រួមមានទីតាំងឆ្នេរខ្សាច់កម្សាន្តនៅចន្លោះស្ពានឥន្ទធនូ និងស្ពានបេតុងថ្មី, រង្វង់មូលទុរេន និងពហុកីឡដ្ឋាន និងទីតាំងសួនច្បារព្រះបាទអង្គដួង និងរង្វង់មូលរូបត្រីផ្សោតរួចមក គណៈប្រតិភូក្រុមការងាររៀបចំពិធីបុណ្យសមុទ្ររបស់ក្រសួង បានបង្ហាញនូវការសន្និដ្ឋានថាទីតាំងទាំង៣នោះ មានអំណោយផលល្អ បរិស្ថានស្អាតទាក់ទាញ ពិសេសនៅក្បែរៗគ្នា ងាយស្រួលក្នុងការធ្វើដំណើរទស្សនាទាំង ៣ទីតាំង ជាងនេះទីទៀតការបង្កើតសមិទ្ធផលថ្មីៗរបស់ខេត្ត មានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេជាដើម គឺកាន់តែជួយឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១នេះ មានភាពទាក់ទាញកាន់តែខ្លាំង។ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ រីសត បឹងហ្គាឡូ ផ្ទះសំណាក់  អាជីវករ អ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់នៅក្នុងខេត្ត ត្រូវខិតខំពង្រឹងគុណភាពសេវាកម្ម ការបដិសណ្ឋាកិច្ច អនាម័យបរិស្ថាន រក្សាភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរចំពោះអតិថិជន រក្សានូវតម្លៃសមរម្យ ដើម្បីឱ្យពិធីបុណ្យសមុទ្រផ្សព្វផ្សាយនូវកិត្យានុភាព សេចក្តីថ្លៃថ្នូរ វប្បធម៌នៃការរស់នៅ សក្តានុពល និងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]