ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣។ ឯកឧត្តមមានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី និងគ្រប់ខេត្ត នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅសម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យមានភាពរលូន ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា ។
ឯកឧត្តម បានណែនាំកិច្ចការងារមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំដែលមានទូកចូលរួម ប្រកួតក្នុងព្រះរាជពិធីឲ្យពិនិត្យផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ហើយឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ដែលប្រទីបមានការកើនឡើងបើធៀបនឹងឆ្នាំទៅមិញមានប្រទីបចំនួន៣០ ។
ឯកឧត្តម ក៏បានលើកឡើង នឹងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និង វាយតម្លៃ សន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ និងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ផងដែរ ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ ទង់ បដា ភ្លើងបំភ្លឺ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យឲមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ ក៏បានសំណូមពរអោយគ្រប់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត បានជ្រាប និងចាត់តាំងអនុវត្តតាមស្មារតីនៃអង្គប្រជុំឱ្យសម្រេចលទ្ធផលល្អប្រសើរ។
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]