អាចនិយាយបានថាជាមោទកភាពមួយសម្រាប់កម្ពុជាដែលមាន​ដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេឈានចូលដល់អាយុ១០០ឆ្នាំចំនួន ជាង៤០០ដើមលើផ្ទៃដីជាង១០ហិកតា ក្នុងចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រុមហ៊ុន សុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី នៃប្រទេស​កម្ពុជាបានអះអាងថា ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តដែលមានអាយុ ១០០ឆ្នាំនេះគឺជាចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជានិងជាចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ដោយឈរលើកម្រិតលើសគេនេះ ក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជានា​ចុងឆ្នាំ២០២៤នេះ។

ផ្តើមចេញពីការជ្រើសរើសគ្រាប់កៅស៊ូចំនួន ២ ៥៦៣គ្រាប់ ចេញពីចម្ការកៅស៊ូចាស់នេះវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃអគ្គនាយកដ្ឋានកៅស៊ូ បានបណ្តុះ និងដាំ ពិសោធន៍ តាមដានការលូតលាស់ ទិន្នផល ជំងឺ និងលក្ខណៈសរីរៈទឹកជ័រ ចាប់តាំងពីឆ្នាំ២០១១ រហូតរកឃើញសេណូទីប (ពូជ) កៅស៊ូចំនួនពីរ គឺ G12 និង G19 ដែលមានលក្ខខណ្ឌដុះ និងលូតលាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។

បច្ចុប្បន្ន ក្រសួងកសិកម្មបានដាក់ស្នើសុំទៅគណៈកម្មការ​បញ្ចេញពូជដំណាំ ដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ដោយដាក់ឈ្មោះថា « CRRI 12 និង CRRI 19 »។

គប្បីរំលឹកជូនថា ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅបានជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អំពីការងារ​រៀបចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើម​កៅស៊ូ​​ចាស់ជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅ​ចម្ការកៅ​ស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ជំនួបនេះធ្វើ ឡើង​ដើម្បីត្រួតពិនិត្យឡើងវិញលើការងារដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅការងារអនុវត្តបន្តសម្រាប់ប្រារព្ធកម្មវិធីទាំង ២ នោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

រូបភាព

កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្ត​ចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ​និង​កំពត។ ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយ​ក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូ​ចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើយោង​តាម​​របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ផ្អែកលើទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ ២០២៣ ប្រាក់ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ផលិតផល​កៅស៊ូមាន​សរុប ៥៣៦​ លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​ការនាំ​ជ័រ​​កៅស៊ូ ទៅ​ទីផ្សារ​អន្តរជាតិ ៤៩០,៦​ លាន​ដុល្លារ​,ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ១,៦ ​លាន​ដុល្លារ​,និង​ការប្រើប្រាស់​ជ័រ​​កៅស៊ូ​ក្នុងស្រុក ៤៣,៨ ​លាន​ដុល្លារ​។​

សម្រាប់​បរិមាណ​ជ័រកៅស៊ូ​ដែល​បាន​នាំ​​ចេញ​ក្នុង​ឆ្នាំ​ ២០២៣ គឺ​សម្រេចបាន​ចំនួន ៣៦៨ ០៤៨​ តោន ថយចុះ ៤ ៨៥៥​ តោន​ធៀប​ឆ្នាំ​ ២០២២និង​ឈើ​កៅស៊ូ​មាន​ចំនួន ​(​ឈើ​ចាស់ៗ​អស់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​)៩ ៤១១​ ម៉ែត្រគុប ថយ ១៧ ០៧៨ ​ម៉ែត្រ​គុប​។ ចំណែក​ផលិតផល​កៅស៊ូ​ប្រើប្រាស់​ក្នុងស្រុក​មាន​ចំនួន ៣០ ៤៥២​ តោន​៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]