ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]