រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

តាមរយៈសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាតព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណ ៧០ម៉ឺននាក់ហើយ ដែលគិតជាថវិកាប្រមាណ២១លានដុល្លារអាមេរិកផងដែរ។ សម្តេចបានបន្ថែមថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានកសាងសម្រេចចំនួន ១៣០០គីឡូម៉ែត្រហើយ ដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវធ្វើបន្ត។

ដោយសង្កេតឃើញចលនានៃការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ សម្តេចបានបញ្ជាក់ថា ក្រុមការងារនឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយនៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបអំពីចំនួនទឹកប្រាក់ចុងក្រោយ និងផែនការច្បាស់លាស់ដើម្បីប្រើប្រាស់ថវិកាទាំងនេះ។

ចំពោះការរៀបចំដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសាន្ត រៀងរាល់ចុងសប្តាហ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ សម្តេចក៏បានប្រកាសឱ្យបន្តរក្សាដដែល ដើម្បីឱ្យពលរដ្ឋបានទស្សនាជាក់ស្តែងនូវបណ្តាខេត្តភូមិភាគឦសាន្តរបស់កម្ពុជាយើង៕

ប្រភព៖ ក្រសួងព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]