សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រី នៃកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម Justin Trudeau បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។

ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា ។

បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត។ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]