ខេត្តសៀមរាបបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាបរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ គឺចាប់ពីទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ពិធីនេះ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិក៏ដូចជាផ្តល់ឱកាស ជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយ។ ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តនឹងរៀបចំពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុករួមទាំងមាន ការរៀបចំការដាក់តាំង ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគំតន្ត្រី សិល្បៈកម្សាន្ត បាញ់កាំជ្រួចដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យ នេះកាន់តែមានភាពអធិកអធមថែមទៀត។
ជាមួយនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍ក្នុងស្ទឹងប្រវត្តិសាស្ត្រនេះ ត្រូវចូលរួមថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ខេត្តសៀមរាបក៏នឹងមានព្រឹត្តិការណ៍ធំមួយទៀតនៅថ្ងៃចុងខែតុលានេះដែរគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមនៃកម្ពុជា" ជាលើកទី២ រយៈពេលពីរថ្ងៃ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលាខាងមុខនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយមាន ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គររួមមាន៖ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ, ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ,ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស), ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជានិង ការប្រកួត «ទីងម៉ោង» ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]