កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងប្រុស Liam Payne ជាអតីតសមាជិកក្រុមចម្រៀងបុរស One Direction បានទទួលមរណភាពកាលពីថ្ងៃទី១៧ខែតុលា បន្ទាប់ពីត្រូវគេរាយការណ៍ថា បានលោតចុះពីជាន់ទី៣នៃបន្ទប់សណ្ឋាគារ នៅសណ្ឋាគារមួយកន្លែង ឯទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតអ្នកចម្រៀងវ័យ៣១ឆ្នាំរូបនេះភ្លាមៗ ដោយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ពុំអាចស្រោចស្រង់ជីវិតគេបាននោះឡើយ ដែលបានធ្វើឲ្យតារាចម្រៀងក៏ដូចជាអ្នកគាំទ្រមកពីជុំវិញពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំង។
យ៉ាងណាមិញ គេសង្ស័យថា មុនស្លាប់ Liam ហាក់មានស្មារតីមិននឹងនរគឺសតិវង្វេងវង្វាន់ ដោយសារការប្រើប្រាស់សារធាតុញៀន ក្រោយប៉ូលិសបានរកឃើញភ័ស្តុតាងមួយចំនួនដូចជា ទូរទស្សន៍ត្រូវបានដាល់យ៉ាងដំណំ និងមានថ្នាំញៀននៅលើតុផងដែរ។
យោងតាមការចុះផ្សាយរបស់ Page Six គឺមុនស្លាប់ Liam បានវក់នឹងការប្រើប្រាស់សារធាតុញៀនយ៉ាងខ្លាំង រហូតដល់ខាងផលិតកម្មមើលថែគេបានផ្ដាច់កុងត្រាជាមួយគេ ប៉ុន្តែមានបុគ្គលិកក្មេងៗដែលនៅក្បែរគេ ព្យាយាមទាញគេមកវិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះនិងលាងខ្លួនឯងចេញពីវិថីដ៏អាក្រក់នេះ។កន្លងមក លោកក៏ធ្លាប់បានចូលកម្មវិធីហ្វឹកហាត់និងស្ដារកាយសម្បទាសម្រាប់អ្នកញៀនថ្នាំផងដែរ ប៉ុន្តែមិនដឹងហេតុអ្វីបណ្ដាលឲ្យអាការៈបែបនេះនៅតែកើតមាន ដែលនាំឲ្យលោកបាត់បង់ជីវិតតែម្ដង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]