កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ អមដំណើរដោយក្រុមការងារPMU PIU និងមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះដ៏បានពិនិត្យយ៉ាងដិតដល់បំផុត។
ការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក៏ជាផ្នែកមួយ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ននាពេលខាងមុខផងដែរ ដែលមានន័យថាគម្រោងនេះសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។
ឯកឧត្តម ខាន់ ម៉ាណេរ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]