ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេសមានការថយចុះជាលំដាប់ ពោលគឺមានមិនដល់១០ករណីនោះឡើយ។ នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការថយចុះនេះ គឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់បំផុត ជំរុញឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងសុីសងខុសច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមបណ្ឌិត បានបន្ថែមថា "ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជាប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដោយក្នុងនោះក៏មានការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ" ។
ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ សឹងតែគ្រប់វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋកុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗពីព្រោះទង្វើនេះមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួចឆក់ ប្លន់ផងដែរ៕
ប្រភព៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]