ប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែងជិតឆ្ងាយយ៉ាងច្រើនកុះករបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យអុំទូកដែលអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំធ្វើនៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយនោះ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤នេះដែលមានទូកងចំនួន៣៦ទូក មកពីបណ្តាវត្តក្នុងស្រុកក្រុងរបស់ខេត្តបានចូលរួមធ្វើការអុំប្រកួតប្រជែងដែលនៅថ្ងៃដំបូងមានការចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករពីស្រទាប់មហាជននោះ។
មានប្រសាសន៍បើកការប្រណាំងទូកកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះគឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋក្នុងរដូវប្រមូលស្រូវទាំងនៅក្នុងខេត្តក៏ដូចជាមកពីបណ្តាលខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅពេលខាងមុខនេះក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយសំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរជំនាន់ដើមក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាដែលបានដឹកនាំដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវភាពប្រកបដោយភាពសុខក្សេមក្សាន្ត។
ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នាត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងប្រកួតដណ្តើមយកជ័យជំនះដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន និងបានអំពាវនាវដល់ស្រទាប់មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក និងថែរក្សាបរិស្ថានអនាម័យឱ្យបានល្អ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានចាត់ទុកថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ គឺពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងការចូលរួមគាំទ្រដល់វិស័យកីឡា ជាពិសេស បានលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែល ប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព និងបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ដោយឡែកនៅពេលរាត្រីមានការបណ្តែតប្រទីបនៅស្ទឹងសិរីសោភ័ណ ត្រង់ស្ពានថ្មថ្មី សង្កាត់ព្រះពន្លារហូតដល់ចប់កម្មវិធីបុណ្យ និងមានការប្រគំតន្ត្រីសម័យ អមដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនតេជោឈ្នះឈ្នះ។ ការប្រណាំងទូក បណ្តែតប្រទីប ការតាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រីកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកទស្សនាកម្សាន្ត រួមទាំងទស្សនានូវសមិទ្ធផលនានានៅក្នុងក្រុង និងខេត្តបន្ទាយមានជ័យ ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]