ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចយក កីឡាចំនួន ៥០ប្រភេទ និង ៥៦៩ វិញ្ញាសារ សម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំចុងក្រោយលើប្រភេទកីឡា និង វិញ្ញាសារដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណ:កម្មាធិជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចយក កីឡាចំនួន ៥០ប្រភេទ និង ៥៦៩ វិញ្ញាសារ សម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃឆ្នាំ២០២៥ ហើយក្នុងចំណោមកីឡាទាំង ៥០ប្រភេទនោះ កម្ពុជាក៏បានត្រៀមកីឡាល្អៗជាច្រើន សរុបប្រមាណ ៣៨ ទៅ ៣៩ប្រភេទ ដើម្បីចូលរួមប្រកួត លើកលែងតែប្រភេទកីឡា វ៉ូវីណា តែមួយប៉ុណ្ណោះ ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រភេទកីឡាមួយចំនួនដែលកម្ពុជាធ្លាប់បានឈ្នះមេដាយមាសកន្លងមក គឺបានរៀបចំរួចជាស្រេចនៅក្នុងការប្រកួត កីឡាស៊ីហ្គេមលើកទី៣៣ ហើយដែរ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើពេលនេះ គឺជាការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួលបានជ័យជំនះ ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានផ្ដាំផ្ញើទៅសហព័ន្ធកីឡាជាតិថា យើងនឹងមានកិច្ចប្រជុំនៅពេលឆាប់ៗខាងមុខនេះ ដើម្បីបែងចែកវិញ្ញាសារសម្រាប់ហ្វឹកហាត់ ៕
អត្ថបទដោយ៖ ប៉ោ កុសល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]