ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងមមាញឹកធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារកុមារលេង ដោយកែលម្អសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតី ឱ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ បានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង ដោយធ្វើការកែលម្អ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានស្អាត និងមានសោភ័ណ្ឌភាពល្អឡើងវិញ សម្រាប់កុមារមកលេងកម្សាន្តក្នុងពិធីបុណ្យ។

មន្ត្រីដដែរ បានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះកន្លងមក សម្ភារសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបើកថ្នាំជាដើមដែលត្រូវធ្វើការផ្លាស់ប្ដូរថ្មី និងជួសជុលផ្នែកខ្លះព្រមទាំងលៀងសម្អាតបាញ់ថ្នាំឡើងវិញឱ្យបានស្អាត និងមានសោភណ្ឌភាពដូចថ្មី។

រូបភាព

មន្ត្រីជំនាញខាងលើ បានបញ្ជាក់ទៀតថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។

គួរបញ្ជាក់ ថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមាន រយៈពេល ប្រមាណ២០ឆ្នាំ ហើយ ហើយក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ មានការជួសជុលជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំ២០២៤នេះ ជួសជុលលក្ខណៈធំដែលកន្លែងខ្លះត្រូវរើចេញ និងតម្លើងថ្មីតែម្តង៕

រូបភាព

ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]