កម្សាន្ត៖ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ជាមួយនឹងបទ "APT." ដែលនាងបានច្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិក លោក Bruno Mars ដែលមកទល់ពេលនេះមានអ្នកចូលស្តាប់ជាងរយលាននាក់ហើយ។
បើនិយាយពីសកម្មភាពលើឆាកតន្ត្រីវិញគឺ បន្ទាប់ពីចូលរួមជាមួយផលិតកម្ម The Black Label រួចមកគឺ Rosé បានប្រកាសថានាងនឹងចេញបទចម្រៀងថ្មីនិងអាល់ប៊ុមថ្មីឈ្មោះថា "rosie" ដែលធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើប រង់ចាំសំឡេងក្រអៅក្រអួនរបស់នាងត្រឡប់មកវិញ។
យ៉ាងណាមិញ ថ្មីៗនេះកាលពីថ្ងៃទី៧ខែវិច្ឆិកាកន្លងទៅ Rosé បានចូលរួមក្នុងកម្មវិធី "Hot Ones" ភាគទី២៥ ដែលនាងបានជជែកពីនេះពីនោះ និងពីសមាជិក BLACKPINK តែអ្វីដែលគេសង្កេតឃើញនោះ គឺការតែងខ្លួនរបស់នាងពិតជាស្រស់ស្អាតនិងលេចធ្លោ។
ក្នុងនោះ Rosé បានពាក់អាវយឺតពណ៌លឿងខ្ចី ដោយពាក់អាវក្រៅពណ៌ត្នោតខ្ចី និងចងសក់ពណ៌ទង់ដែងនោះលើកឡើងជាកន្ទុយសេះហើយការផាត់មុខទៀតសោត ក៏ស្រាលៗ ដូចកំពុងនៅផ្ទះ ធ្វើឲ្យនាងមើលទៅស្រស់ស្អាតបែបសាមញ្ញ តែជះចំហាយថ្លៃថ្នូរដូចនារីអភិជន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]