ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងដាក់ឱ្យប្រើប្រាស់សាក​ល្បងមុន​ចូលឆ្នាំខ្មែរខាងមុខ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លើបណ្ដាញសង្គមផ្លូវការអ្នកនាំពាក្យខាងលើបានគូសរំលេចថា ស្ពាន​លេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាង​គេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាក​ល្បង​នៅចុងខែមីនា ឆ្នាំ២០២៥ខាង​មុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមបន្ថែមដោយបែបពណ៌នាថា "ពីលើកំពូលស្ពាន លោកអ្នក​នឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវ​ស្រងាត់​គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។

សូមជម្រាបថាស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពាន​ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់​តាមជ្រលង​ស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើ​មានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។

រូបភាព

ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទ​គ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទ​គ្រឹះខួង។

ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់​ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពាន​រចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក។

រូបភាព

គួររំលឹកថា ផ្លូវជាតិលេខ ១០ ស្ថាបនាឡើងជាប្រភេទផ្លូវកម្រិត Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោង​នឹង​បញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ ដោយ៖មុនី

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]