សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជា ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណងគឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទ ថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។
លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទដែលមានទំហំផ្សេងៗគ្ន រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្ដាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គ ការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុង ស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការ ផុតពូជបើសិនជាមិនមានការការពារទេនោះ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាន និងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វ ជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយ៉ងចង្កក និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិ នៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បី ការពារតំបន់ទេស ភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។
គួរបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែនជម្រក នេះក៏ទ្រទ្រង់ជីវិតសត្វជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ក៏ដូចជាប្រភេទសត្វស្លាបកម្រដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ។
តំបន់ទេសភាពនេះក៏បានទ្រទ្រង់ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និងជុំវិញតំបន់ព្រៃឈើនេះផងដែរ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំងលើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃសម្រាប់ចិញ្ចឹមជីវិត។ ក៏ប៉ុន្តែក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ តំបន់ទេសភាពលំផាត់ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសកម្មភាពមនុស្សលក្ខណៈទ្រង់ទ្រាយធំ ដែលនាំទៅដល់ការបាត់បង់ព្រៃឈើ ការរិចរិលព្រៃឈើ និងការបាត់បង់ជីវៈចម្រុះ។ កត្តាចម្បងនៃការបាត់បង់ព្រៃឈើ និងជីវៈចម្រុះរួមមាន ការទន្ទ្រានព្រៃឈើសម្រាប់ការពង្រីកកសិកម្ម ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើម។
ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងធ្វើការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ តាមរយៈគំនិតផ្តួចផ្តើមអភិរក្សផ្សេងៗជាច្រើនឆ្នាំមកហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ សង្ឃឹមថានឹងត្រូវបានជំរុញឱ្យកាន់តែខ្លាំងតាមរយៈការអនុវត្តគម្រោងរេដបូកលំផាត់ ដែលទទួលបានការគាំទ្រ និងថវិកាពី USAID មរតកបៃតង៕ ដោយ៖ កន ចំណាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]