សៀមរាប ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០២៤៖  នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប  ក្រសួងអប់រំ​ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការ​គាំទ្រ​កំណែទម្រង់​ការ​អប់រំ​បច្ចេកទេសកម្រិត​មធ្យមសិក្សា​ទុតិយភូមិ​នៅ​កម្ពុជា”។ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព "Twinning"។ ព្រះរាជាណាចក្រកម្ពុជា​ គឺជា​ប្រទេស​ដំបូង​គេបំផុត​នៅទ្វីប​អាស៊ី ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម​កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនោះ ឯកឧត្តម អ៊ីហ្កូ    ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការរបស់វិស័យឯកជន ជាពិសេសតម្រូវការរបស់ក្រុមហ៊ុនមកពីអឺរ៉ុប ដែលអាចឱ្យក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កិច្ចសហការនេះក៏នឹងជួយបណ្តុះបណ្តាល   សមត្ថភាពរបស់សិស្សានុសិស្សយើងឱ្យកាន់តែប្រសើរឡើង ដើម្បីអាចឆ្លើយតប និងអាចបំពេញតម្រូវការសម្រាប់  ការវិនិយោគបរទេសនៅកម្ពុជា”។

គម្រោងនេះចាប់ដំណើរការរហូតដល់ខែសីហា ឆ្នាំ ២០២៧ មានរយៈពេលសរុប ៣៦ ខែ។​ គម្រោងនេះនឹងធ្វើការសាកល្បងលើកំណែទម្រង់ការអប់រំបច្ចេកទេសនៅកម្ពុជា ដែលបំផុសគំនិតតាមរបៀបអឺរ៉ុប នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសចំនួនប្រាំ និងសាកលវិទ្យាល័យចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងការ ជំរុញឱ្យមានការងារធ្វើ ការលើកកម្ពស់បរិយាបន្ន យេនឌ័រ និងការត្រៀមជំនាញរួចជាស្រេច ដើម្បីឆ្ពោះទៅរកនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]