គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា បានប្រកាសឱ្យដឹងថា​ពិព័រណ៍​សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹង​ប្រព្រឹត្តទៅរយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»នៅបរិវេណមុខសួនច្បារ​សាលាបុរីកោះពេជ្រ រាជធានីភ្នំពេញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះដើម្បីជំរុញការ​អាន​សៀវភៅ អភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិតសម្រាប់​ការសិក្សា។

ក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍មុន គណៈកម្មការពិព័រណ៍​សៀវភៅកម្ពុជា បានបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​កម្ពុជា លើកទី១១ មានគោលដៅដូចតទៅ៖១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅ​គ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារ​ទាំងក្នុងនិងក្រៅប្រទេស។២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុង​ការអានសៀវភៅហើយ​ជាសារមួយ​បញ្ជូនទៅដល់យុវជនឱ្យស្គាល់ពី​គុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិង​ការងារ។៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាព​ផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ​ឱ្យស្រលាញ់និងចូលចិត្ត​សៀវភៅតាំងពីនៅតូចៗ។៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅ​កម្ពុជា​និងនៅក្នុងពិភពលោក៥- លើកទឹកចិត្តក​វីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

តើនឹងមានសកម្មភាពអ្វីខ្លះក្នុងពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» ? គណៈកម្មការរៀបចំពិព័រណ៍​បានបញ្ជាក់ថា នឹងមានសកម្មភាពនានាអមជាមួយ មានដូចជា ការដាក់តាំងសៀវភៅ​ដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថាន​បោះ​​ពុម្ពផ្សាយ និងបណ្ណាគារនានា​ក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់​ក្នុងតម្លៃ​ពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍ​ជំនាញការអាន ការជួបពិភាក្សា និងការទទួលយក​បទពិសោធ​ពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំ​ងវិចិត្រករ, កម្មវិធីនិទានរឿង និងល្បែងសិក្សា​សម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ។

គណៈកម្មការរៀបចំព្រឹត្តិការណ៍យល់ថា កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់​ក្នុងការផ្សព្វផ្សាយ​និងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការ​អានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិង​ការងារ៕

ដោយ៖ ក្រសួងព័ត៌មាន រូបភាព ៖ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]