យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថានឹងទទួលបានក្នុងរង្វង់៦,៣ភាគរយ។

ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ ដែលជាការកើនឡើងជាង ៤០ ភាគរយ ធៀបនឹងតួលេខ ដែលបានព្យាករនៅឆ្នាំ ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើងយោងទៅតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% នៅក្នុងឆ្នាំ ២០២៤នេះ ដោយយោងទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាមួយ នឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ កន្លងនេះ។

ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះដែរ ក៏ដោយសារការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព។

ទន្ទឹមនេះយោងទៅតាមលទ្ធផលរីកចំរើននៃវិស័យឧស្សាហកម្ម អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបានពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា រួមជាមួយនឹងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទៀតផង ។

សូមរំលឹកថា នៅក្នុងអំឡុងឆ្នាំរាតត្បាតដោយជំងឺកូវីដ១៩នៅឆ្នាំ២០២០បានធ្វើអោយសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់ក្រោមសូន្យ ប៉ុន្តែចាប់ពីឆ្នាំ២០២១មកសេដ្ឋកិច្ចកម្ពុជាបានងើបដល់៣,១ភាគរយ ឡើងវិញ ខណៈឆ្នាំ២០២២ ឡើងបាន៥,១ ភាគរយ និងឆ្នាំ២០២៣ រក្សាបាន៥ភាគរយ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]