គុណភាពខ្យល់ នៅកម្ពុជា បន្តភាពល្អប្រសើរ ដោយមកទល់ពេលនេះ មិនទាន់រកឃើញ កំហាប់ភាគ ល្អិតនិចល PM2.5 កើនឡើង ដល់កម្រិតប៉ះពាល់ ដល់សុខភាពគួរឱ្យព្រួយបារម្ភ ដូចប្រទេសជិតខាង នោះទេ នេះជាការបញ្ជាក់របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា គុណភាពខ្យល់ នៅកម្ពុជាស្ថិតនៅក្រោម បន្ទាត់ក្រហម នៅឡើយ ដោយពុំមានអ្វី ដែលជាការព្រួយបារម្ភនោះទេ។ ដោយគិតត្រឹម ថ្ងៃទី៩ ខែមករានេះ ការត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេសកម្ពុជា គឺមាន២៥,៤៩មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3) ដែលតួលេខនេះស្ថិតនៅក្រោមស្តង់ដារជាតិ ដែលកំណត់យក៥០មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3)។ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជា មិនមែនជាប្រភពបំពុលខ្យល់ ដល់ប្រទេសជិតខាង ដូចការចោទប្រកាន់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម ខ្វៃ អាទិត្យា គឺនាពេលបច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋ កុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហ ដែលជាហេតុបង្កឱ្យ មានការកើនឡើងការបំពុលបរិយាកាស។

ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅតាមបណ្តាខេត្ត មានស្ថានីយ៍បំពាក់ឧបករណ៍ ត្រួតពិនិត្យតាមដានគុណភាពខ្យល់ ជាប្រចាំយ៉ាងតិចចាប់ពី២គ្រឿង ទៅ៣គ្រឿង។ ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានធ្វើការសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ការកាប់ឆ្កាដុតព្រៃ ដុតជញ្រ្ជាំង ជាប្រចាំ ។

គួសរំលឹកថា ក្រសួងបរិស្ថាន បានបំពាក់ ឧបករណ៍ត្រួតពិនិត្យ តាមដានគុណភាពខ្យល់ សាធារណៈ ជាប្រចាំ នៅតាមរាជធានី-ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូន រថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ ទូទាំងប្រទេស៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]