ចាប់ពីឆ្នាំ២០២៣មក កសិករខ្មែរបាននិយមធ្វើស្រូវស្រាលប្រភេទអូអ៉ឹម៥៤៥១តៗគ្នា ជាពូជនាំចូលដែលអាចធ្វើបាន២ដងក្នុងឆ្នាំហើយផ្តល់ទិន្នផលខ្ពស់ តម្លៃល្អរហូតដល់តម្លៃស្រូវ១៣០០រៀលក្នុង១គីឡូក្រាមនិងមានទីផ្សារទៅប្រទេសវៀតណាម។
រហូតដល់ចុងខែធ្នូឆ្នាំ២០២៤ថ្មីៗ ស្រូវប្រភេទអូអ៉ឹម៥៤៥១ បានប្រែប្រួលតម្លៃមកនៅត្រឹម១០០០រៀលក្នុង១គីឡូ ប៉ុន្តែឈានចូលដើមខែមករាឆ្នាំ២០២៥ ស្របពេលកសិករប្រមូលស្រែប្រាំង ស្រូវប្រភេទនេះក៏បាត់បង់ទីផ្សារ ធ្វើអោយតម្លៃស្រូវបានចាប់ផ្តើមធ្លាក់ចុះ ក្រោម១០០០រៀល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុមានការប្រែប្រួលតម្លៃស្រូវអូអ៉ឹ៥៤៥១ ក្រុមហ៊ុននាំចេញអង្ករបានអោយដឹងថា នៅមុនឆ្នាំ២០២០ តម្លៃស្រូវអូអ៉ឹ៥៤៥១ក្នុង១គីឡូក្រាមគឺក្រោម១០០០រៀល។
ប៉ុន្តែនៅអំឡុងឆ្នាំ ២០២៣ និង២០២៤ ពេលកើតមានបាតុភូតធម្មជាតិអែលនីណូ ដែលរាំងស្ងួតបានប៉ះពាល់ដល់មុខរបរកសិកម្ម ពិសេសដំណាំស្រូវ។
ប្រទេសឥណ្ឌាបានដាក់ចេញគោលនយោបាយស្ថេរភាពស្បៀង ដោយបានបិទការនាំចេញអង្ករដែលខ្លួនធ្លាប់បានផ្គត់ផ្គង់ចំណែក២០ភាគរយលើទីផ្សារពិភពលោក ។ នៅអំឡុងនោះ ស្រូវកម្ពុជាមានឱកាសទីផ្សារ ដោយឈ្មួញវៀតណាមបានមកទិញស្រូវអូអ៉ឹម៥៤៥១ពីកម្ពុជា ដើម្បីបំពញតម្រូវការទីផ្សារ ដែលធ្វើអោយស្រូវអូអ៉ឹម៥៤៥១ខ្មែរមានតម្លៃឡើងដល់១៣០០រៀលក្នុង១គីឡូក្រាម។
ប៉ុន្តែនៅដើមឆ្នាំ២០២៥នេះ គ្រោះធម្មជាតិអែលនីណូលែងគំរាមកំហែងទៀតហើយ បានអនុញាតិអោយឥណ្ឌាអាចបញ្ចេញស្តុកអង្កររបស់ខ្លួនដើម្បីនាំលក់នៅលើទីផ្សារអន្តរជាតិវិញបាន។
ដូចនេះចំណែកទីផ្សារអង្ករត្រូវបានឥណ្ឌាបំពេញឡើងវិញហើយ ធ្វើអោយឱកាសទីផ្សារអង្ករកម្ពុជា ត្រូវបានបាត់បង់វិញដែរ ហើយស្ថិតនៅក្នុងការប្រកួតប្រជែងខ្លាំងហើយនៅទីបំផុតបានធ្វើអោយតម្លៃស្រូវអូអ៉ឹម៥៤៥១វិលទៅសភាពដើមវិញ ដូចមុនពេលឥណ្ឌាបិទការនាំចេញ ដែលមានតម្លៃក្រោម១០០០រៀលក្នុង១គីឡូក្រាម។
ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលតម្លៃស្រូវអូអ៉ឹម៥៤៥១ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះជួបកសិករនៅខេត្តបាត់ដំបងដើម្បីគិតលើការចំណាយថ្លៃដើម និងការទទួលផលពីការធ្វើស្រូវនេះ ហើយត្រូវបានកសិករឆ្លើយថា មិនខាតទេគ្រាន់តែប្រាក់ចំណេញរបស់ពួកគាត់តិចជាងមុនតែប៉ុណ្ណោះ ដោយមុននេះ ស្រូវមានតម្លៃលើសពី១០០០រៀល ប៉ុន្តែពេលនេះ ស្រូវមានតម្លៃក្រោម១០០០រៀល។ ពោលគឺកសិករចំណាយថ្លៃដើមក្នុងការផលិតស្រូវក្នុង១គីឡូក្រាមអស់៥៩២រៀល ខណៈលក់ចេញបាន៩៥០រៀលដែរ។
ដំណោះស្រាយឆ្លើយតបបន្ទាន់ចំពោះការប្រែប្រួលតម្លៃស្រូវអូអ៉ឹម៥៤៥១ ស្របពេលកសិករលើកឡើងអំពីតម្លៃស្រូវ ចុះថោក សម្តេចបវរធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ខែ មករា បានរៀបចំជំនួបមួយជាមួយតំណាងសហព័ន្ធស្រូវ អង្ករកម្ពុជា ដោយមានការចូលរួមពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ជាដើម ។
ដើម្បីដោះស្រាយបន្ទាន់បញ្ហានេះ ក្រសួងកសិកម្មបានចេញដំណោះស្រាយធំៗដើម្បីដោះស្រាយតម្លៃស្រូវធ្លាក់ចុះ ។ សម្រាប់រយៈពេលខ្លី តាមរយៈការគ្រប់គ្រងស្ថិរភាពថ្លៃ ធ្វើឡើងតាមមធ្យោបាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានសម្រេចទម្លាក់ថវិកា៣០លានដុល្លារសម្រាប់ផ្ដល់ប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវដែលខ្វះទុន ប៉ុន្តែមានឃ្លាំងដើម្បីប្រមូលទិញស្រូវកសិករ និងការពង្រឹងទីផ្សារអង្ករ។
បច្ចុប្បន្ន រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងដើរទិញស្រូវប្រភេទអូអ៉ឹម នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង ដោយប្រមូលទិញស្រូវសើមដល់វាលស្រែក្នុង១គីឡូក្រាមចន្លោះពី៧៦០ដល់៨៣០រៀល។
ទន្ទឹមនេះដែរ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងអគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប បានប្រកាសចូលរួមចំណែកជួយ ទិញស្រូវសម្ងួតរួចហើយ ដើម្បីបំរើអោយ រោងចក្រផលិតចំណីសត្វ ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកឯដំណោះស្រាយតម្លៃស្រូវធ្លាក់ចុះ សម្រាប់រយៈពេល មធ្យមនិងរយៈពេលវែងគឺធ្វើឡើងតាមរយៈគ្រប់គ្រងគុណភាពស្រូវ គ្រប់គ្រងបរិមាណផលិត និងរក្សាស្ថេរភាពតម្លៃស្រូវ។ ជាមួយគ្នានេះក្រសួងកសិកម្មបានជំរុញកសិករអោយចងក្រងសហគមន៍កសិកម្មទំនើបដែលអាចកាត់បន្ថយថ្លៃដើមបាន។ ទន្ទឹមនេះក្រសួងកសិកម្មនឹងពិចារណាដើម្បីឈានទៅផលិតជីក្នុងស្រុកដោយខ្លួនឯងក្នុងគោលដៅកាត់បន្ថយថ្លៃដើមផលិតផលកសិកម្ម។ សម្រាប់ទិសដៅខាងមុខក្រសួងកសិកម្មលើកទឹកចិត្តអោយកសិករងាកមកធ្វើស្រូវសែនក្រអូបវិញដែលមានស្ថេរភាពទីផ្សារហើយមានតម្លៃខ្ពស់ថែមទៀតផង។
បើតាមក្រសួងកសិកម្ម បានអោយដឹងថា កសិករធ្វើស្រូវប្រាំងឆ្នាំនេះមានចំនួន៧០ម៉ឺនហិកតា ដែលការច្រូតកាត់រហូតដល់ខែមីនាខាងមុខនេះ អាចនឹងទទួលបានទិន្នផលប្រមាណ៤លានតោន៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]