ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានចាត់ទុក ការរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ» ជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា និងការពារអក្សរសាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណជាតិមិនឱ្យបាត់បង់។
ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយបេក្ខជនបេក្ខនារីចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មាន ប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមស្ថាបនិក និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិត និងសហការរៀបចំដោយជោគជ័យនូវកម្មវិធីដ៏មានសារ:សំខាន់នេះ ជាលើកដំបូងកាលពីឆ្នាំ២០២៤កន្លងទៅ ហើយបន្តរៀបចំជាលើកទីពីរនៅលើទឹកអង្គរអច្ឆរិយរបស់យើង។ ឯកឧត្តមថា កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ»ត្រូវបានរៀបចំឡើងនៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយរបស់កម្ពុជា ដែលបានសបញ្ជាក់ ពីការផ្សារភ្ជាប់គ្នារវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរគ្រប់ជំនាន់។
ឯកឧត្តមបន្តថា មិនតែប៉ុណ្ណោះកម្មវិធីនេះ គឺជាវេទិកាដ៏មានសារ:សំខាន់ ដែលបានចូលរួមចំណែកលើកតម្កើង វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែមានតម្លៃ និងរស់រវើក ក្នុងបរិបទសកលភាវូបនីយកម្ម និងការរីកចម្រើននៃបច្ចេកវិទ្យា និងបដិវត្តឧស្សាហកម្ម៤.០ជាដើម។
ឯកឧត្តមថា សំណេរអង្គរលើកទី២នេះ មានការចូលរួមយ៉ាងច្រើនផុសផុល ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបេក្ខជនបានដាក់ពាក្យចូលរួមប្រកួតប្រជែងដោយផ្ទាល់ចំនួន១២២០អង្គ/នាក់។ ដោយការចូលរួមរបស់បេក្ខជន និងសាធារណ ជននេះ បានបង្ហាញយ៉ាងច្បាស់ពីមនសិការស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ ទាំងនេះគឺជាចលនាជំរុញស្មារតី លើកតម្កើងវប្បធម៌ជាតិរបស់ប្រជាជនខ្មែរ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប ដែលបានមកចូលរួមក្នុងកម្មវិធីនេះ នៅទីតាំងផ្ទាល់ជាពិសេសបានឃើញពីការត្រៀមខ្លួន និងតាំងចិត្តដ៏មុតមាំរបស់បេក្ខជន បេក្ខនារី និងបេក្ខសមណ:សម្រាប់ការប្រកួតនៅព្រឹកនេះ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់ គ្នា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ទោះយ៉ាងណាក្តី ខ្ញុំសូមលើកទឹកចិត្ត ដល់បេក្ខជន បេក្ខនារី និងបេក្ខសមណ:ទាំងអស់ ឱ្យមើលកម្មវិធីនេះ លើសពីការប្រកួតប្រជែងយកជ័យលាភី ប៉ុន្តែជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ជាកោសិកានៃសង្គម ក្នុងការថែរក្សា និងការពារអក្សរសាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណជាតិមួយ មិនអាចខ្វះបានរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ឆ្លងកាត់បទពិសោធ និងភាពជោគជ័យ នៃព្រឹត្តិការណ៍សំណេរអង្គរលើកទី១ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ បានរំលេចឡើងវិញនូវ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ឆ្នាំ២០២៥នេះដោយមានបេក្ខជនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះចំនួន១២២០អង្គ/នាក់។ កម្មវិធីប្រឡងសរសេរតាមអាន ថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” បានរំលេចនូវទិដ្ឋភាព ក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះ របស់ព្រះរាជាណាចក្រកម្ពុជាផង៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]