ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអោយដឹងថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានផ្តល់ បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្របច្បាប់និងសុវត្ថិភាពសម្រាប់អនុវត្តន៍ការងារក្នុងប្រទេសកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា៖«ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើបណ្ណសម្គាល់អ្នកសារព័ត៌មាននោះដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្ថែមថា៖«នេះជាប្រព័ន្ធការពារ និងធានាសុវត្ថិភាពទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មានដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួមចំណែកក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ក្នុងក្របខណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មានបានកំណត់ ឱ្យមានការផ្តល់ការបណ្តុះបណ្តាលស្តីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមុន ផ្តល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹងទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្តន៍ការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឆ្លៀតយកឱកាសសិក្ខាសាលានាពេលនោះ ដើម្បីអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមលើកកម្ពស់គុណតម្លៃនិងរក្សាភាពថ្លៃថ្នូរក្នុងអាជីពសារព័ត៌មាន ដោយត្រូវអនុវត្តការងារដោយគោរពសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ហើយដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានជាធរមានដើម្បីបន្តធានាសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារ។ មន្ត្រីក្រសួងព័ត័មានបានអោយដឹងថាការចេញអត្តសញ្ញាណរបស់អ្នកសារព័ត៌មាននេះ គឺដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៍មាននៅ កម្ពុជាឱ្យបានច្បាស់លាស់ ព្រមទាំងដើម្បីទប់ស្កាត់ការក្លែងបន្លំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានផងដែរ៕ ក្រុមការងារអេបក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]