ផ្លូវបេតុងមួយខ្សែប្រវែង ១ ៨០០ ម៉ែត្រ ភ្ជាប់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៣រសៀល ។
អាជ្ញាធរជាតិសំបូរព្រៃគុកបានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ ភ្ញៀវបរទេស សាធារណជនក៏ដូចប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុកថា បច្ចុប្បន្នមានផ្លូវមួយខ្សែ ដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង ១ ៨០០ម៉ែត្រពីភូមិអូរគ្រូកែ ទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយ និងចាក់ដីបង្ហាប់ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបន្តថា ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំ អាយ ស៊ី ស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះ ជាបេតុង។
បន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុង ក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ពន្ធ័។
សូមជម្រាបថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ។
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។
“កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”៕ ដោយ៖មុនី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]