ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ តាមរយៈការចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនឹងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។

ការណែនាំ របស់ឯកឧត្ដម ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យ អាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីវករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុង ជ្រោយនូវឡើយ។

បន្ថែមលើនេះ ឯកឧត្ដម ឃួង ស្រេង ណែនាំថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរនិងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតជាដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានឱ្យអភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនឹងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ ណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។

បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុគស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេស ប្រជាការពារ សង្កាត់ ចុះទៅពិនិត្យតាមដាន ជាមួយនឹងការណែនាំឱ្យចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះការគ្រប់គ្រងជនអន្តោប្រវេសន៍ ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យគោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ខណៈប្រទេសមានច្បាប់៕ ដោយ៖ វិទ្យុជាតិកម្ពុជា លោក រ៉ាត់ សុវណ្ណ 

ឯកឧត្ដម ឃួង ស្រេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]