កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ ( Fred Hollows Foundation) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៣ ដល់០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។
លោកបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានថ្លែងឱ្យដឹងថា ៖ ការផ្ដល់សេវាពិនិត្យ ព្យាបាល វះកាត់ភ្នែក វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខភាពភ្នែក ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត បន្តថា៖ នេះមិនមែនជាលើកទី១ឡើយ ដែលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំយើង បានសហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមក មានប្រជាជនជាច្រើន បានមកទទួលសេវាពិនិត្យ និងវះកាត់ជំងឺភ្នែកឥតគិតថ្លៃនេះ។ ជាមួយគ្នានោះ ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងជាពិសេសប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដែលភាគច្រើនពួកគាត់មានបញ្ហាភ្នែកឡើងបាយ ហើយប្រសិនជាពួកគាត់មិនបានធ្វើការវះកាត់ ឬដាក់លេនស៍ទេ ពួកគាត់នឹងមានបញ្ហាងងឹត ឬអាចមើលមិនឃើញ។ ដូច្នេះនៅពេលមានការរៀបចំពិនិត្យ និងវះកាត់ភ្នែកដាក់លេនស៍ឱ្យពួកគាត់ នោះពួកគាត់ប្រាកដជាបានមើលឃើញនូវអ្វីដែលជាទិដ្ឋភាពខាងក្រៅពិតប្រាកដ ហើយពួកគាត់នឹងមានការសប្បាយចិត្ត។
លោកវេជ្ជបណ្ឌិត អេក ឃាង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញមកធ្វើការពិនិត្យ និងទទួលយកសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដោយការពិនិត្យ និងព្យាបាលនេះគឺមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះផងដែរ៕ អត្ថបទ ៖ ជឿន សុធន. មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]