កម្សាន្ត៖ Mandy ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់អ្នកជំនួញ លោក Wang Xiaofei ដែលជាអតីតស្វាមីរបស់តារាសម្ដែង Barbie Hsu បានស្នើឱ្យអ្នកគ្រប់គ្នាកុំ ប្រើអំពើហិង្សាតាមអ៊ីនធឺណិត មកលើស្វាមីខ្លួន។

ដូចដែលបានដឹងហើយថា តារាសម្តែងស្រី Barbie Hsu បានទទួលមរណភាពនៅថ្ងៃទី ២ ខែកុម្ភៈក្នុងអាយុ ៤៨ ឆ្នាំ។ ធាតុរបស់នាងត្រូវបានគេរំពឹងថា នឹងយកត្រឡប់ទៅតៃវ៉ាន់វិញ ដោយស្វាមីរបស់នាង លោក DJ Koo នៅថ្ងៃទី ៦ ខែកុម្ភៈ។ យ៉ាងណាមិញ ចំណែកឯអតីតស្វាមី លោក Wang Xiaofei ហាក់មានសតិមិនប្រក្រតី យំមិនឈប់ ដើរទៅណាមកណា គ្មានគោលដៅ និងបញ្ចេញមតិ សម្តែងការសោកសៅ និងនឹកអតីតប្រពន្ធ។

អ្នកសារព័ត៌មានជាច្រើន បានតាមដាន រូបលោក អស់រយៈពេលពីរថ្ងៃមកនេះ ដោយបានប្រមូលផ្តុំគ្នា នៅផ្ទះរបស់ Wang Xiaofei ដើម្បីថត និងសុំសម្ភាសន៍។ នៅលើបណ្តាញទំនាក់ទំនងសង្គម មហាជនជាច្រើនបានរិះគន់ Wang Xiaofei ថារស់នៅមិនបានល្អ ធ្វើឱ្យគ្រួសារបែកបាក់ ដោយប្រយោល ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ភរិយាបច្ចុប្បន្នរបស់ Wang Xiaofei គឺ Mandy បានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ដល់សារព័ត៌មានតៃវ៉ាន់ ដោយបង្ហាញពីអារម្មណ៍ និងគំនិតរបស់នាង អំពីឧប្បត្តិហេតុដ៏សោកសៅនេះ។ នាងបាននិយាយថា «ខ្ញុំមិនដឹងថាអ្នក ជាមនុស្សល្អឬអាក្រក់ទេ អ្នកអាចបំភ្លៃអ្វីដែលខ្ញុំនិយាយឥឡូវនេះ ឬជាអរិភាពចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែចង់និយាយថា យើងពិតជាហត់ណាស់ មានអ្នកយកព័ត៌មានជាច្រើននៅខាងក្រោម ហើយប្តីខ្ញុំសោកស្ដាយណាស់ កូនទាំងពីរគ្មានម្តាយ ហើយអ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺមើលថែពួកគេបានល្អ។ ប្រសិនបើនរណាម្នាក់គិតថា ខ្ញុំធ្វើខុស ឬមានការត្អូញត្អែរ ឬខឹងសម្បា សូមមេត្តាបញ្ចេញមតិមកលើខ្ញុំ ប៉ុន្តែកុំនិយាយអាក្រក់ពី Wang Xiaofei ឬកូនៗ»។

Mandy ក៏បានលើកឡើងទៀតថា ទំនាក់ទំនងរបស់នាងជាមួយ Barbie Hsu គឺល្អ «យើងមិនមានការខឹងសម្បារនឹងគ្នាទេ ដើម្បីជាប្រយោជន៍ដល់កូនយើង យើងនៅតែទាក់ទងគ្នាពីពេលមួយទៅមួយពេល។ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កូនទាំងពីរ។ ខ្ញុំមិនបានធ្វើអីខុសទេ ខ្ញុំមិនបានជ្រៀតជ្រែកក្នុងអាពាហ៍ពិពាហ៍របស់គេទេ ហើយ Wang Xiaofei និងខ្ញុំ ក៏មិនបានជ្រៀតជ្រែកក្នុងទំនាក់ទំនងអ្នកដ៏ទៃដែរ តាំងពីយើងចាប់ផ្តើមទាក់ទងគ្នារហូតដល់រៀបការ។ កុំជេរស្វាមីខ្ញុំ កុំ ជេរកូនទាំងពីរនាក់ អ្នកដែលស្លាប់ពិបាកបំផុតហើយ យើងទាំងអស់គ្នាគោរពគាត់»។

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបាននិយាយថា ស្មារតីរបស់ Wang Xiaofei គឺមិនល្អទេ នៅពេលនេះ «ខ្ញុំអាចយល់បានថា ហេតុអ្វីបានជាគាត់មានអារម្មណ៍មិនល្អ គាត់គឺជាឪពុកដែលមានកូនពីរនាក់ ពួកគេបានលែងលះគ្នា ហើយមានជម្លោះជាច្រើនរវាងពួកគេ ហើយឥឡូវនេះ កូនៗបានបាត់បង់ម្តាយរបស់ពួកគេ។ គ្រួសារមានភាពសោកសៅយ៉ាងខ្លាំង ដូច្នេះ ខ្ញុំសូមអំពាវនាវ ដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យបង្ហាញការអាណិតអាសូរ និងចៀសវាងពាក្យសម្ដីហិង្សាណាមួយមកលើយើង»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]