រាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ រូបចម្លាក់ទេពមច្ឆាកៃច្នៃពីសំណង់រឹងជាស្នាដៃលោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិចិត្រកម្ម នឹងដាក់តាំងបង្ហាញជាសាធារណៈនៅខាងមុខអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៥។

ការកៃច្នៃសំណល់មកជាស្នាដៃសិល្បៈដ៏រស់រវើកគឺជារឿងមួយដែលគួរកោតស្ញប់ស្ញែង និងមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ដោយសារតែការកៃច្នៃសំណល់នេះបានចូលរួមចំណែកកាត់បន្ថយកាកសំណល់ជាច្រើនដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់មនុស្សជាតិ។ ជាការពិតណាស់ ដោយសារតែការមើលឃើញពីកត្តាឥទ្ធិពលទាំងនេះហើយ ទើបលោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិចិត្រកម្ម (ជំនាន់ទី៩ វគ្គ១) បានជ្រើសរើសការធ្វើរូបចម្លាក់ទេពមច្ឆា និងសិក្សាស្រាវជ្រាវចងក្រងឯកសារ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងដំណើរការផលិតរូបចម្លាក់ទេពមច្ឆាដ៏ស្រស់ស្អាតនេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រូបនេះបានប្រមូលនូវសំណល់រឹងដែលគេបោះបង់ចោល ប្រមាណ៣៥០គីឡូក្រាម មានដូចជាគ្រឿងបង្គុំដែក គ្រឿងបន្លាស់រថយន្ត ទោចក្រយានយន្ត ជាដើម ដើម្បីកែច្នៃ និងផ្គុំឡើងប្រកបដោយសោភ័ណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាសក្ខីភាព ចាប់ពីថ្ងៃចាប់ផ្តើមផលិតរូបចម្លាក់នេះមកដល់ពេលបច្ចុប្បន្ននេះ លោក អ៊ូ វណ្ណី ទទួលបានការណែនាំយ៉ាងម៉ត់ចត់ពីគណៈកម្មការវាយតម្លៃ ដូចជាបណ្ឌិតសភាចារ្យ តិច សំណាង បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ និងបណ្ឌិត ហេង មុនីផល (គ្រូណែនាំផ្ទាល់)។ ពិតណាស់ ដើម្បីធានាដល់គុណភាព និងសោភ័ណភាពនៃរូបចម្លាក់ទេពមច្ឆានេះ គណៈកម្មការវាយតម្លៃទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ផ្តល់យោបល់ជាច្រើនពាក់ព័ន្ធនឹងក្បួនខ្នាត វិធីសាស្រ្តផលិត និងអត្ថន័យរួម។

លោក អ៊ូ វណ្ណី បានលើកឡើងថា «រូបចម្លាក់ទេពមច្ឆានេះបានសម្រេចបាន១០០ភាគរយហើយ និងគ្រោងដាក់តាំងបង្ហាញនៅខាងមុខអគារខេមរវិទូនៃ រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីស្អែកព្រឹកនេះតទៅ»។ ក្នុងន័យនេះ លោកក៏បានគោរពអញ្ជើញសាធារណជនទាំងអស់ មកទស្សនាផ្ទាល់រូបចម្លាក់ទេពមច្ឆានេះ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥តទៅ៕ ផ្សាយ៖ កន ចំណាន ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]