នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEA BOURN ENCORE បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ នាវាទេសចរណ៍បរទេស០១គ្រឿង មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ២១០.៥ម៉ែត្រ ទទឹង២៨.ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៩២នាក់ ស្រី៣០៧នាក់ ស្មើនឹង២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៤នាក់ ស្រី ១០២នាក់ ស្មើនឹង ៤៧សញ្ជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាវាទេសចរណ៍ SEA BOURN ENCORE បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៣៣២នាក់ British ១០៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត៦០០នាក់ មានភ្ញៀវទេសចរចុះពីនាវាចេញទៅទស្សនាអង្គរ ក្នុងខេត្តសៀមរាបចំនួន៦៤នាក់ ស្រី៣៧នាក់ ស្មើនឹង៦សញ្ជាតិ។

ភ្ញៀវទេសចរបរទេសធ្វើដំណើកម្សាន្តតាមឡានក្រុង ទស្សនាក្នុងខេត្តព្រះសីហនុ ដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។

ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មាននាវាទេសចរណ៍បរទេសចំនួន០២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២០០០នាក់់ បានចូលចតធ្វើទស្សនកិច្ចតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពផងដែរ៕ ផ្សាយ៖ កន ចំណាន អត្ថបទ៖ ងូ សុមុនី AKP

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]