កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្មត្រូវបានជួសជុលដោយអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ការជួសជុលនេះ គឺដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញឥណ្ឌា លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ត្រូវបានស្រង់សម្ដីមកបញ្ជាក់ថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម មានប្រវែងសរុបចំនួន៣០ម៉ែត្រ។ លោកបន្តថា រចនាសម្ព័ន្ធនៃកំពែងថ្មបាយក្រៀមបានខូចខាតយ៉ាងច្រើន ជាពិសេសដើមឈើរលំសង្កត់ពីលើ និងកត្តាអាយុកាលនៃសំណង់ ធ្វើឱ្យគុណភាពនៃគ្រឹះខាងក្រោមបានថមថយ។ ចំណែកថ្មបាយក្រៀម ក៏បានបែកបាក់មួយចំនួន។ ហេតុដូច្នេះ ក្រុមការងារនៅទីនេះ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីសិក្សាពីស្ថានភាពគ្រឹះនៃកំពែង ទើបចាប់ផ្តើមធ្វើសម្រង់ប្លង់ បង់លេខនិងចុះបញ្ជីថ្មបាយក្រៀម ។ រួចបន្តការងារជួសជុលពង្រឹងគ្រឹះខាងក្រោមដែលពុកផុយ រៀបចំជួសជុលថ្មដែលខូចខាតឬបែបបាក់ ទើបរៀបចំផ្គុំថ្មសាកល្បង មុនរៀបចំទៅកាន់ទីតាំងដើមវិញ ដោយអនុវត្តតាមលំនាំពីបុរាណ។
អ្នកជំនាញរូបនេះបន្តថា ដោយសារស្ថានភាពរបស់ថ្មបាយក្រៀមខ្លះ មានសភាពពុកផុយនិងខូចខាតច្រើន ប៉ុន្តែអ្នកជំនាញនឹងព្យាយាមជួសជុលនិងប្រើប្រាស់ថ្មចាស់ឱ្យអស់ពីលទ្ធភាពមុននិងសម្រេចជំនួសដោយថ្មថ្មី។ ការងារនេះ គ្រោងចំណាយពេលចំនួន៦ខែ ទើបរួចរាល់ ដោយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥មក។
អ្នកជំនាញបញ្ជាក់ទៀតថា ចំពោះដំណើរការជួសជុលកំពែង នៃប្រាសាទតាព្រហ្ម ក្រុមការងារបានសហការយ៉ាងជិតស្និទជាមួយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយអនុវត្តទៅតាមដំណាក់កាលៗ និងតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធនៃកំពែងទាំងមូល មានលំនឹង អាចទ្រទម្ងន់យ៉ាងរឹងមាំ បន្តអាយុកាលទៅពេលខាងមុខ។
សូមជម្រាបថា ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា៕
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]