នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានទទួលជួបពិភាក្សាការងារជាមួយ លោក  YEO LI PHEOW នាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) និងបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក  YEO LI PHEOW និងសហការី ដែលបានឆ្លៀតពេលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្នុងជំនួបមួយនេះ  IAL បានចែករំលែកបទពិសោធន៍ល្អៗនៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់លើ ១) យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍជំនាញ, ២) ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (Public-Private Partnership) ក្នុងការជំរុញការអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការឧស្សាហកម្ម និង ៣) ក្របខ័ណ្ឌជំនាញ (Skills Framework) ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីជួយតម្រង់ទិសដល់និយោជិត និយោជក យុវជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញ។

រូបភាព

ការវិនិយោគលើមូលធនមនុស្ស គឺជាកត្តាគន្លឹះដែលបានប្រែក្លាយសិង្ហបុរីពីប្រទេសចំណូលខ្ពស់ដូចសព្វថ្ងៃ (ចំណូល មធ្យមរបស់ពលរដ្ឋសិង្ហបុរីបានកើនឡើងពី ២០០ ដុល្លារក្នុងម្នាក់ក្នុងឆ្នាំ១៩៦៥ មក ៨ម៉ឺនដុល្លារក្នុងម្នាក់ក្នុងឆ្នាំ២០២៤ ដែលឈរលើលេខរៀងទី៥ លើពិភពលោក)។ លើសពីនេះ សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្សឈរលេខរៀងទី ៩ លើពិភពលោក រីឯយុវជនភាគច្រើនជាង ៧០% ចូលរៀនជំនាញបច្ចេកទេស (រៀននៅមហាវិទ្យាល័យត្រឹម៣០%) ព្រមទាំងរដ្ឋាភិបាលបានជម្រុញ និងរៀបចំកម្មវិធីបង្កើនជំនាញសម្រាប់ប្រជាជនទៅតាមក្រុមអាយុ (រាប់ចាប់ពីបញ្ចប់ការសិក្សាចូលបម្រើការរហូតដល់អាយុចូលនិវត្តន៍) ដើម្បីបណ្តុះទម្លាប់រៀនពេញមួយជីវិត ក្នុងគោលដៅចុងក្រោយធានាថា ធនធានមនុស្សរបស់ខ្លួនមានចំណេះជំនាញត្រូវនឹងតម្រូវការទីផ្សារការងារ និងបង្កើនចំណូលនិងភាពប្រកួតប្រជែងដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។

រូបភាព

ដោយសម្លឹងឃើញពីគន្លឹះជោគជ័យរបស់ប្រទេសសិង្ហបុរី តាមរយៈការអភិវឌ្ឍជំនាញ ដើម្បីបង្កើនភាពរីកចម្រើនក្នុងអាជីពការងារ និងអាជីវកម្ម និងទទួលស្គាល់ថាចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ SDF មានលក្ខណៈស្របគ្នាយ៉ាងខ្លាំងជាមួយបេសកកម្មរបស់ប្រទេសសិង្ហបុរី   SDF  បានសហការជាមួយ  Institute for Adult Learning Singapore (IAL)  ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ Skills Future Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិនៅប្រទេសសិង្ហបុរី ធ្វើការរៀបចំសិក្ខាសាលាស្តីពី "ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី" ជូនដល់ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤០ស្ថាប័ន ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។

រូបភាព

លោក  YEO LI PHEOW នាយកប្រតិបត្តិ IAL បានចែករំលែកបទពិសោធន៍ល្អៗរបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍជំនាញដែលគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត បង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពការងារ និងអាជីវកម្មរបស់ពួកគេ។ លោក YEO LI PHEOW ក៏បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូសហការរវាងវិស័យសាធារណៈ និងឯកជន (PPP) ដែលជាគំនិតផ្តួចផ្តើមក្នុងការជំរុញការអភិវឌ្ឍជំនាញ ដើម្បីបំពេញតម្រូវការឧស្សាហកម្មក្នុងប្រទេសសិង្ហបុរី បានយ៉ាងមានប្រសិទ្ធភាព និងបានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនសូត្រជាប្រចាំ (Lifelong Learning) ដែលអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។

រូបភាព

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុល ជាទីបញ្ចប់ លោកនាយកប្រតិបត្តិ SDF បានសំយោគនូវបទពិសោធន៍ល្អៗរបស់ សិង្ហបុរី និងបូកសរុបកិច្ចការអាទិភាពចំនួន ៥ ដែលគ្រោងរៀបចំជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងក្នុងតំបន់ រួមមាន៖ ១. ក្របខ័ណ្ឌជំនាញ (Skills Framework) ដោយសហការជាមួយសមាគមធុរកិច្ច សហគ្រាសសគ្រប់កម្រិត, ក្រុមប្រឹក្សាជំនាញតាមវិស័យ និងគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់វិស័យអាទិភាព ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍមូលធនមនុស្ស និងទីផ្សារការងារ ២. កម្មវិធីបង្កើនសម្ថភាពគ្រូបង្គោល (Training of Trainer) ផ្តោតលើជំនាញគន្លឹះៗមួយចំនួនដូចជា៖ បញ្ញាសិប្បនិម្មិត យានយន្តអគ្គិសនី ទាក់ទាញ គ្រប់គ្រង និងរក្សាធនធានមនុស្ស ។ល។ ៣. កម្មវិធីគាំទ្រការទទួលស្គាល់កម្រិតជំនាញ (Skill Recognition) សម្រាប់វាយតម្លៃ និងទទួលកម្រិតជំនាញរបស់អ្នកដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស ៤. ការអភិវឌ្ឍជំនាញដោយផ្ទាល់នៅកន្លែងការងារ (Workplace Learning & Work-Study Program) ដើម្បីបង្កើនភាពងាយស្រួល និងភាពបត់បែនដល់ការអភិវឌ្ឍជំនាញដល់បុគ្គលិក ៥. កម្មវិធីពង្រឹងសមត្ថភាពដល់ដៃគូរបស់   SDF  ដើម្បីបង្កើនគុណភាព និងពង្រីកការអភិវឌ្ឍជំនាញដល់រោងចក្រសហគ្រាស នៅក្នុងវិស័យអាទិភាពរបស់ SDF ។

រូបភាព

SDF ជឿជាក់ថា ការចែករំលែកបទពិសោធន៍របស់ IAL ក្នុងសិក្ខាសាលានេះ និងជួយជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំសហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនទាំងអស់ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងបុគ្គលិករបស់ខ្លួន ព្រោះការអភិវឌ្ឍជំនាញមិនមែនជាការចំណាយដែលមិនទទួលបានផលចំណេញនោះឡើយ តែជាការវិនិយោគដ៏ត្រឹមត្រូវ និងចាំបាច់បំផុតសម្រាប់ភាពរីកចម្រើនទាំងបុគ្គល អាជីវកម្ម សេដ្ឋកិច្ចសង្គមជាតិ និងបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ នាពេលខាងមុខ សំដៅឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០។

“ជំនាញខ្ពស់ ចំណូលខ្ពស់” “បង្កើនជំនាញ បង្កើនចំណូល បង្កើនឱកាសរីកចម្រើនជាបន្តបន្ទាប់”

អំពី SDF ៖ https://sdfcambodia.org/

អំពី IAL ៖ https://www.ial.edu.sg/

អំពី SSG ៖ https://www.skillsfuture.gov.sg/

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]