ជារួមបច្ចុប្បន្ន ប្រជាពលរដ្ឋ អ្នកស្នើសុំសេវាក្ដី ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូរក្ដី បានសម្ដែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយគុណភាព នៃការអនុវត្តយន្តការច្រកចេញចូលតែមួយចាប់ពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំ សង្កាត់។យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួនបានជួបរឿងស្រដៀងៗគ្នា គឺការខ្វះព័ត៌មាន និងបានទៅស្នើសុំសេវាដោយមិនយកឯកសារច្បាប់តម្រូវគ្រប់គ្រាន់ ជាហេតុធ្វើឱ្យពួកគាត់ត្រូវទៅម្ដងជាពីរដង នាំឱ្យខាតបង់ពេលវេលា និងខ្លះមានអារម្មណ៍ធុញថប់។ 

ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ ឯកឧត្តមបណ្ឌិតទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ មុនពេលទៅស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬរហូតដល់ថ្នាក់រាជធានី ខេត្តដែលនៅឆ្ងាយពីមូលដ្ឋានរបស់ខ្លួន គួរតែទៅជួបមន្រ្តីឃុំ សង្កាត់ មានជាអាទិ៍ ចៅសង្កាត់ ឬក៏ទៅជួបស្មៀន ឬទៅជួបប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរព័ត៌មាន ថាតើឯកសារដែលខ្លួននឹងត្រូវទៅស្នើនៅច្រកចេញចូលតែមួយ ឧទាហរណ៍ច្រកចេញចូលតែមួយស្រុកប្រភេទឯកសារនោះទាមទារឱ្យធ្វើដូចម្ដេចខ្លះជាមុន? ត្រូវមានឯកសារភ្ជាប់អ្វីខ្លះ? ត្រូវយកទៅចម្លង(Copy)នៅទីណាខ្លះ? ប៉ុន្មានសន្លឹក? ជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ ក្រៅពីនេះប្រជាពលរដ្ឋក៏អាចស្រាវជ្រាវស្វែងរកព័ត៌មានដែលមានផ្សាយនៅតាមបណ្ដាញសង្គមប្រព័ន្ធអ៉ីនធឺណិត ឬសាកសួរទៅអ្នកចេះដឹងនៅក្នុងមូលដ្ឋានទាំងឡាយក្នុងនោះក៏មានទាំងមេភូមិ គ្រូបង្រៀន ឬអ្នកដែលធ្លាប់មានបទពិសោធន៍ទៅធ្វើឯកសារដូចខ្លួនដើម្បីឱ្យបានដឹងពីលក្ខខណ្ឌតម្រូវនាំយកឯកសារ ដើម្បីស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយ ឬរកលេខទូរសព្ទសាកសួរខាងការិយាល័យប្រជាពលរដ្ឋជាដើម។ 

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃដោយមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ តែងតែយកចិត្តទុកដាក់ តម្រង់ទិសណែនាំ និងផ្តល់ការគាំទ្រគ្រប់មធ្យោបាយ ជាពិសេការបណ្ដុះបណ្ដាលធនធានមនុស្ស និងការការណែនាំលើការងារថ្មីៗ ដើម្បីធានានូវគុណភាព នៃការអនុវត្តនៅយន្តច្រកចេញចូលតែមួយរបស់មន្រ្តីដែលនៅប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ 

ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]