សម្រាប់ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹងការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាមញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិញទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។

ក្នុងឱកាសដឹកនាំក្រុមការងារជួបពិភាក្សា និងស្វែងយល់ពីការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ គឺរិតតែមានលក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម សុខ សប្បាយណា បន្តថា ប្រធានបទនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គរ ហើយជាការរម្លឹកពីមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេស ហើយក៏ផ្ដល់ឱកាស និងចំណូលដល់អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។

លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីព្រឹត្តិការណ៍នេះ ពិតណាស់ភ្ញៀវទេសចរនឹងមានដំណើរកម្សាន្តនានាផ្សេងទៀតនៅក្នុងខេត្ត ពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលមកទស្សនា។ ជាមួយនេះ លោកបានផ្តាំផ្ញើទៅដល់ក្រុមអ្នកផលិតមាតិកាវីដេអូក្នុងខេត្តទាំងអស់ បន្តជួយរៀបចំផលិតវីដេអូថ្មីៗ ដើម្បីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាពិសេសតំបន់ទេសចរនានានៅក្នុងខេត្តឱ្យបានទូលំទូលាយ ព្រមទាំងលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភ្ញៀវមកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ នាថ្ងៃរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

ប្រភព៖​ មន្ទីរព័ត៌មានខេត្តសៀមរាប

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]