អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង១.១៦សង់ទីម៉ែត្រ និងទំហំស្មា៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញរូបនេះបន្តថា ក្រោយពីរកឃើញហើយក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មានលេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹងបំណែកដើមដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។

ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ក៏ត្រូវបានសិក្សាស្កេនប្រៀបធៀបត្រូវគ្នានិងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី២នេះដែរ។ ដូចនេះផ្នែកផ្សេងៗនៃពុទ្ធបដិមាខាងលើដែលបាក់បែក ត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កិច្ចការកំណាយនេះធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែងឬក៏នៅក្នុងរោងទង៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ភោគ ជា និងលោក Olivier CUNIN

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]