នៅក្នុងខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមនៃប្រទេសកម្ពុជា ដែលជាការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ហើយវាក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
នេះបើតាម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិធីជូនដំណើរនិស្សិតកម្ពុជា ដែលត្រូវទៅបន្តសិក្សានៅសាលាយោធាការពារជាតិជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៥នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុន ជាលើកដំបូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ដែលនេះគឺជាដំណឹងដ៏ល្អ នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាព និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរនេះ នាវាជប៉ុនចំនួន២គ្រឿងមានឈ្មោះ ប៊ុនហ្គោ (BUNGO) និង អេតាជីម៉ា (ETAJIMA) ដែលទទួលបានការអនុញ្ញាត ឱ្យចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅក្នុងខែមេសាខាងមុខនេះ ក្រោយពីមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
គួរបញ្ជាក់ជូនថា វិស័យការពារជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពសកម្មជាច្រើន នឹងគ្មានទីបញ្ចប់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រស់រវើកនេះ កាលពីឆ្នាំមុនមានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងនោះមាន៖ កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិលើកដំបូងក្នុងខែកុម្ភៈ , ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ម៉ៅ សុផាន់ ក្នុងខែកក្កដា , ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម Kihara Minoru ក្នុងខែសីហា និងសមយុទ្ធរួមគ្នាលើកដំបូងរវាង កម្ពុជានិងជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីនៅ UN TPP កាលពីខែវិច្ឆិកាជាដើម។ ឆ្នាំនេះ ក៏មានការពិគ្រោះយោបល់ PMMM ត្រូវបានធ្វើឡើងរួចហើយដែរ នៅទីក្រុងតូក្យូ កាលពីខែមករាកន្លងទៅនេះ៕ ផ្សាយ៖ កន ចំណាន,អត្ថបទ៖ RNK


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]