(រាជធានីភ្នំពេញ)៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន LYNK & CO Automotive (Cambodia) បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការនាំចូលរថយន្តទំនើបម៉ាក LYNK & CO ចូលមកក្នុងទីផ្សារកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ” ។

រូបភាព

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ “ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់      ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប”។

រូបភាព

លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើសដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង” ។

រូបភាព

រថយន្តម៉ាក LYNK & CO ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះរួមមានម៉ូដែល LYNK & CO 06 EM-P ដែលអាចបើកបរបាន ១១៥០ គីឡូម៉ែត្រ និង LYNK & CO 08 EM-P ដែលអាចបើកបរបានសរុប ១,២០០ គីឡូម៉ែត្រ។ ម៉ូដែលទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបនិងទាន់សម័យ សុវត្ថិភាព និងតម្លៃសមរម្យ។ លើសពីនេះ ក្រុមហ៊ុនផ្តល់ជូននូវការធានាឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គីសនី ដោយរថយន្តគ្រប់ម៉ូដែលទទួលបានការធានា ៥ ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ និងការធានាសមាសធាតុអគ្គិសនីសំខាន់ៗរយៈពេល ៨ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។

រូបភាព

LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

រូបភាព
រូបភាព

កម្មវិធីនេះបានបញ្ចប់ដោយការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរវាង អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive Cambodia និង លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO ក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ជាសាក្សីកិត្តិយស។

រូបភាព
រូបភាព

LYNK & CO Automotive (Cambodia) សន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីនៃការបើកបរ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានបៃតងនៅកម្ពុជា។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]