ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា មាន ស្រីណុក ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបានលើកឡើងថា ការចូលមកប្រទេសកម្ពុជានៅតាមច្រកព្រំដែនអន្តរជាតិពុំមានការបង់ប្រាក់លើសេវា ចេញ-ចូលនោះទេ។ កញ្ញាសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ វាអាចជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករដែលកំពុងវិលមកប្រទេសកម្ពុជាវិញ ។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។

ដោយឡែកលោក តុលា ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកសប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅទាំងមក។ លោកសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥មក ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រចាំការរង់ចាំសម្រួលសម្រួលជាមួយក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាពិសេនៅច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព៖ HENG Sour

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]