ឯកឧត្តម ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយយ៉ាងត្រចះត្រចង់។អញ្ជើញ​ជូនដំណើរគណៈ​ប្រតិភូ​ជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ​ពេល២ថ្ងៃចាប់​ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសានៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូចគ្នានេះនៅប្រទេសវៀត​ណាម និងប្រទេសម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ខណៈផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថាទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅ​មួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាស អន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា ចិន និងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការ​កសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ច សហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិង​វិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការ អន្តរជាតិ។ ពួកយើងបានបម្រើជាគំរូដ៏​ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែក កសាងសហគមន៍រួមវាសនា សម្រាប់​មនុស្សជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តម XI Jinping បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន បានជួបពិភាក្សា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីផ្លាស់ប្តូរឯកសារកិច្ច​សហប្រតិបត្តិការ ចំនួន ៣៧ រវាងកម្ពុជា និងចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា។

យោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលទស្សនកិច្ចផ្លូវរដ្ឋ បានគូសរំលេចថា​ដំណើរទស្សនកិច្ចដ៏មាន​សារៈសំខាន់​នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនង​មិត្តភាពដែក​ថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។

រូបភាព

ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ​សម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ក្នុងបរិការណ៍នេះភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុង​ការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង "ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆា និងអង្ករ”។

ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។

ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជា​បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិន​អាចកាត់ផ្តាច់បានពីទឹកដីចិន។កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុងនិងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍​ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជា​ដើរតួនាទីសកម្មនិងកាន់តែសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ៕ ដោយ៖ក្រុមការងារMoINFO APP រូបថត៖ AKP

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]