ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា " សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ (ហៅ ពៅ ហ៊ុប) អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។

ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចំនែកការចោទថាលោកវរសេនីយ៍ទោ កែវ ដួល ទទួលសំណូកគឺមិនពិតនោះទេ ចំពោះសារសំលេងសន្ទនាគឺជានិតិវិធីរបស់នគរបាលក្នុងការញុះញង់ឱ្យសហការ ជាមួយកម្លាំងជំនាញ ដើម្បីឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះ ។

ក្រោយពីការប្រមូលព័ត៌មានលទ្ធផលបានបង្ហាញថាគណនីហ្វេសប៊ុកឈ្មោះ Na Det បានចុះផ្សាយគឺជាព័ត៌មាន មិនពិត ហើយមានចេតនាបង្អួចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ និងអង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្នអង្គភាពយើងខ្ញុំ បាននឹងកំពុងមានចំណាត់ការតាមច្បាប់ ចំពោះគណនី ហ្វេសប៊ុកមួយនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។
ថ្ងៃ អង្គារ១០រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៨ ប៉ោយប៉ែត.ថ្ងៃទី ២២ មេសា ឆ្នាំ ២០២៥
ប្រភពពី៖ khmertimeskh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]