ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារ​ជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើម​ដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។

អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាត រឹងមាំឡើងវិញ។ លោកបន្តថា ទីតាំងនេះបានប្រែពី​កន្លែងទ្រុឌទ្រោម បាក់បែក ក្លាយជាកន្លែងដ៏ទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ណារី បានបញ្ជាក់ថា គម្រោងការងារជួសជុលនេះចាប់ផ្តើមនៅឆ្នាំ២០២៣ ក្នុងនោះបានជួសជុល ថ្មកម្រាលរានហាល បង្កាន់ដៃនាគ សសរមួយចំនួន ក៏ដូចជាបានពង្រឹងគ្រឹះជាដើម ដែលថ្មខ្លះបានបែកបាក់ជ្រុះធ្លាក់រាយប៉ាយលើ និងកប់ក្នុងដី ដោយក្រុម​ការងារ​ ​​បានជួសជុល អភិរក្សពង្រឹងឡើងវិញ ចំណែកផ្នែកខ្លះក៏ត្រូវប្រើថ្មីជំនួសនៅកន្លែងដែលចាំបាច់ផងដែរ។

អ្នកជំនាញរូបនេះបានរំឭកថា ការជួសជុលនេះស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្ស និងជួសជុលដល់មន្រ្តី និងបុគ្គលិកនៃ​អាជ្ញាធរជាតិអប្សរា ដែលមកពីស្ថាប័នផ្សេងៗដូចជាភ្នាក់ងារទេសចរ សារមន្ទីរ និងសណ្ដាប់ធ្នាប់ ជាដើម ដែលពួកគេមានបំណងក្លាយជាអ្នកជួសជុល និងអភិរក្សប្រាសាទ។ គម្រោងបណ្ដុះបណ្ដាលនេះបង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយមានទាំងសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែតែម្ដង៕

អត្ថបទ៖ នាង សំណា

រូបភាព៖ ភោគ ជា, ជា វណ្ណៈ

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]