បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ ២០២៥ ដូចខាងក្រោម៖
១) បាតុភូតសកល៖ យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០ភាគរយហើយ បាតុភូតអែនសូ (ENSO-Neutral) ឡើងដល់ ៨០ភាគរយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២)រដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ ២០២៤។
២.១.ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។
២.២.ពាក់កណ្តាលរដូវវស្សា៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
២.៣. ចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
សរុបមកវិញ សមរាប់រដូវស្សាឆ្នាំ ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាព មធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ ២០២៤។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយ ទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។
យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ អាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើន៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]