នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកាលើករណី ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿង ចំនួន ៣។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានឱ្យដឹងនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។

សំណុំរឿងទាំង ៣ រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- សំណុំរឿងទី១ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយះពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០00 (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

- សំណុំរឿងទី២ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

- សំណុំរឿងទី៣ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]