អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំទីប្រឹក្សា អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា ចុះសមរភូមិផ្ទាល់សួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគឧបភោគប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមមាន៖ ថវិកាចំនួន ២០០លានរៀល មីជាតិ ២ ០០០កេស និងអង្ករ ៥០តោន ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។

រូបភាព

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ជាមេទ័ព​ដ៏ឆ្នើមរបស់កម្ពុជា​ បាន​ដឹកនាំ​កងទ័ព​ និង​អាវុធ​ធន់ធ្ងន់​ជាច្រើន​ទៅកាន់​ព្រំដែន​ ដែលបានអនុញ្ញាតិឲ្យយុជនបូជាការពារយុត្តិធម៌ ចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។ ទន្ទឹងគ្នានោះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា សូមផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

រូបភាព

អ្នកឧកញ៉បានថ្លែងថា «ក្នុងនាមប្រធានយុវជនបូជាការពារយុត្តិធម៌ តែងតែបានណែនាំ និងលើកទឹកចិត្តដល់សមាជិកក្រុមទាំងអស់ ចូលរួមសាមគ្គីគ្នាការពារជាតិរបស់យើង ពិសេសសូមគោរព និងដឹងគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត លោកតែងតែខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន ដូច្នេះហើយខ្ញុំមិនរុញរាក្នុងការលះបង់ កុំថាឡើយសម្ភារៈ ទ្រព្យសម្បត្តិ… សម្រាប់ខ្ញុំសូម្បីជីវិតក៏អាចចូលរួមជាមួយបងៗកងទ័ពបានដែលនូវពេលជាតិត្រូវការ»។

រូបភាព

នៅក្នុងឱកាសនោះ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ផ្កាយ​មាស​៤​ កិត្តិសង្គហបណ្ឌិត ហុីង​ ប៊ុនហៀង​ មានប្រសាសន៍ថា «ការ​ចល័ត​ទ័ព​ និង​អាវុធ​ធន់ធ្ងន់​ទាំងអស់​នេះ​ មិនមែន​ដេីម្បី​គំរាមកំហែង​ប្រទេស​ជិតខាង​ទេ​ ហើយ​ក៏​មិនចង់​បង្ករសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ដែរ​ ប៉ុន្តែ​ គឺ​ដេីម្បី​ត្រៀម​វាយបក​សត្រូវ​ឈ្លានពាន​ក្នុង​ករណី​ដែល​សត្រូវ​រំលោភបំពាន​លេី​អធិបតេយ្យ​ជាតិ​កម្ពុជា​»។

រូបភាព

ឯកឧត្តម​នាយឧត្ដមសេនីយ៍​កិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមយុវជនបូជាការពារយុត្តិធម៌ ដែលមកសួរសុខទុក្ខកងទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]