កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift ទិញយកមកវិញនូវការរក្សាសិទ្ធិអាល់ប៊ុមចម្រៀង ចំនួន ៦ ពីក្រុមហ៊ុន Shamrock Capital ក្នុងតម្លៃប្រហែល ៣៦០ លានដុល្លារ។

Taylor Swift ដែលជាតារាចម្រៀង និងបានក្លាយជាមហាសេដ្ឋីកាលពីឆ្នាំមុន ដោយសារកម្មវិធី Eras Tour បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញកម្មសិទ្ធិរបស់អាល់ប៊ុមចាស់មកវិញ។ យោងតាម Billboard នៅថ្ងៃទី ៣០ ខែឧសភា កន្លងទៅ Shamrock Capital បានលក់វាត្រឡប់ទៅ Taylor Swift វិញ ក្នុងតម្លៃប្រហែល ៣៦០ លានដុល្លារ ដែលស្ទើរតែស្មើនឹងចំនួនដែលក្រុមហ៊ុនវិនិយោគនេះ បានចំណាយសម្រាប់ការរក្សាសិទ្ធិតន្ត្រីរបស់នាង ក្នុងឆ្នាំ ២០២០ ។

ក្នុងឆ្នាំ ២០១៩ អ្នកគ្រប់គ្រងតន្ត្រី Scooter Braun បានទិញកម្មសិទ្ធិនៃអាល់ប៊ុម ៦ ដំបូងរបស់តារាស្រីរូបនេះ គឺ Taylor Swift, Fearless, Speak Now, Red, 1989 និង Reputation ។ រឿងនេះបានកើតឡើង នៅពេលដែលក្រុមហ៊ុនរបស់ Scooter Ithica Holdings បានទិញស្លាកកំណត់ត្រា Big Machine Records (ក្រុមហ៊ុនដែលគ្រប់គ្រង Swift ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៨) ក្នុងតម្លៃ ៣០០ លានដុល្លារ។ មួយឆ្នាំក្រោយមក Scooter Braun បានលក់សិទ្ធិតន្ត្រីរបស់ Taylor Swift ទៅឱ្យ Shamrock Capital ។

Taylor Swift ចង់ទិញសិទ្ធិតន្ត្រីមកវិញ ប៉ុន្តែមិនអាចដោយសារតែជម្លោះជាមួយ Scooter Braun ។ ពេលនោះ នាងតក់ស្លុតដោយបាត់បង់កម្មសិទ្ធិលើស្នាដៃរបស់ខ្លួន។ តារាចម្រៀងរូបនេះ បានចែករំលែករឿងនេះនៅលើ Instagram ដែលបង្កឱ្យមានការជជែកគ្នា អំពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិសិល្បករក្នុងឧស្សាហកម្មតន្ត្រី។ ចាប់តាំងពីឆ្នាំ ២០២១ មក Taylor បានចាប់ផ្តើមថត និងចេញអាល់ប៊ុមឡើងវិញ ដែលជាមធ្យោបាយមួយ ដើម្បីទទួលបានភាពជាម្ចាស់នៃការងារ ដែលស្រលាញ់បំផុតក្នុងអាជីពរបស់នាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]