អ្នកជំនាញ និងប្រធានសហគមន៍បានបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរមិនសូវស្គាល់សហគមន៍នេសាទកំពង់សាមគ្គីទេ ប៉ុន្តែមួយឆ្នាំចុងក្រោយ បន្ទាប់ពីមានការជួយជំរុញពីរាជរដ្ឋាភិបាល ថ្នាក់ដឹកដឹកនាំក្រសួងនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការដៃគូផងនោះ ភ្ញៀវទេសចរទូទាំងប្រទេសបានស្គាល់សហគមន៍ហើយគេជឿថា សហគមន៍នេះនឹងកាន់តែទាក់ទាញ បន្ទាប់ពីសមិទ្ធផលនានាលេចចេញរូបរាង ក្នុងពេលដ៏ខ្លីខាងមុខ។

លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុងប្រចាំប្រទេសកម្ពុជា បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត និងស្រុកទឹកឈូ អង្គការរបស់លោកបាននិងកំពុងយកចិត្តទុកដាក់លើការងារអភិរក្ស (ដើមកោងកាង និងជីវៈចម្រុះ) និងការងារអភិវឌ្ឍសហគមន៍ទេសចរណ៍។ បច្ចុប្បន្នអង្គការរបស់លោកកំពុងផ្តោតទៅលើការងារវារីវប្បកម្ម (ចិញ្ចឹមត្រីឆ្ពង់ និងក្តាមសេះ) ដើម្បីឆ្លើយតបតម្រូវការទទួលទានរបស់ភ្ញៀវទេសចរ និងរក្សាចីរភាពនៃការអភិវឌ្ឍ តាមរយៈការរៀបចំបង្កើតប្រាក់ចំណូលជូនដល់សហគមន៍បន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយកអង្គការបានបន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខនេះ សហគមន៍ទេសចរណ៍កំពង់សាមគ្គីនឹងមានខ្ជុះ និងបឹងហ្គាឡូធំនិងវែងជាងគេនៅមាត់សមុទ្រ សម្រាប់អង្គុយលម្ហែ និងបោះតង់ ដោយនៅក្នុងនោះ រួមបញ្ចូលទាំងបណ្ណាល័យមាត់សមុទ្រដែលមានសៀវរាប់ពាន់ក្បាលផងដែរ។ ហើយក្រោយពេលការៀបចំកន្លែងផ្សេងៗរួមរាល់ សហគមន៍នឹងកាន់តែស្អាត ហើយអាចទទួលភ្ញៀវបានកាន់តែច្រើន។

លោក សុខ កៅ ប្រធានសហគមន៍កំពង់សាមគ្គី បានឱ្យដឹងថា ទោះបីជាសហគមន៍រៀបចំជាតំបន់អេកូទេសចរណ៍ធម្មជាតិក្រោយគេ ហើយមិនទាន់រួចរាល់ក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រ និងមកលេងកម្សាន្តពីភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ព្រោះសហគមន៍មានទេសភាពស្អាត ខ្យល់អាកាសបរិសុទ្ធ និងសកម្មភាពកម្សាន្តច្រើន។ លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត ឯកឧត្តមបានផ្តល់ជូននូវចំណតថ្មី និងផ្លូវបេតុងចូលមកសហគមន៍ថ្មីផងដែរ ហើយលោកជឿថាសហគមន៍កំពង់សាមគ្គី ស្រុកទឹកឈូនេះ នឹងក្លាយជាសហគមន័ទេសចរណ៍ដ៏ទាក់ទាញមួយ ក្រោយពេលសមិទ្ធផលនានាស្ថាបនារួចរាល់៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]