អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖
ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសំដី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។
ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។
និងទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។ ដោយ៖កន ចំណាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]