យល់ដឹង៖ ដូចដែលប្រិយមិត្តដឹងរួចមកហើយថា លោក ទ្រី ស៊ីថេង និង ដំរី ឈ្មោះឡាក់គី មានមនោសញ្ចេតនា ប្រៀបបានដូចជាគ្រួសារតែមួយ ខ្វះគ្នាពុំបាន។ យ៉ាងណាមិញ ហ្មដំរីរូបនេះ បានលាឈប់បម្រើការងារពីសួនសត្វភ្នំតាម៉ៅ បន្ទាប់ពីមើលថែសត្វព្រៃនៅទីនេះ អស់រយៈពេល៣០ឆ្នាំមក។

មុននឹងលាដំរីឡាក់គី លោក ស៊ីថេង ក៏បានធ្វើជាវីដេអូឯកសារមួយ ដែលបានរៀបរាប់ពីប្រវត្តិរបស់លោកនៅក្នុងសួនសត្វភ្នំតាម៉ៅ និងប្រវត្តិរបស់ដំរីឡាក់គីផងដែរ។ ដំរីឡាក់គី ត្រូវបានគេជួយសង្គ្រោះយកមកចិញ្ចឹមនៅក្នុងសួនសត្វចាប់តាំងពីឆ្នាំ១៩៩៩ នៅក្រោមការមើលថែរបស់លោក ស៊ីថេង។
កាលពីដំរីឡាក់គី នៅតូច ម្ដាយវាត្រូវបានអ្នកប្រមាញ់សត្វព្រៃ បាញ់សម្លាប់ម្ដាយរបស់វា ដើម្បីយកកូនដំរីឡាក់គី ទៅជួញដូរ តែជាសំណាង ឡាក់គីត្រូវបានគេជួយសង្គ្រោះ ហើយក៏បានយកថែរក្សានៅសួនសត្វភ្នំតាម៉ៅរហូតមកដល់សព្វថ្ងៃ។

ហ្មដំរី បានបន្ដទៀតថា ថ្ងៃកំណើតរបស់ឡាក់គី គឺលោកបានយកថ្ងៃដែល ឡាក់គី មកដល់សួនសត្វដំបូងនោះគឺនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ១៩៩៩ ហើយមកដល់ថ្ងៃនេះ ឡាក់គី មានអាយុ២៦ឆ្នាំហើយ។ កាលពីមកដល់សួនសត្វដំបូង ឡាក់គី ទើបនៅជាកូនង៉ាដំរីនៅឡើយ ហើយត្រូវបានលោក ស៊ីថេង បំបៅទឹកដោះគោម្ដងគត់ ឡាក់គី ក៏តាមលោករហូតតែម្ដង។

មិនថា ដើរទៅណា ឬពេលសម្រាន្តនោះទេ ឡាក់គី តែងតែនៅក្បែរ ហ្មដំរី ចាត់ទុកលោកដូចជាម្ដាយបង្កើតរបស់ខ្លួនអញ្ចឹងដែរ។ នៅក្រោមការបង្ហាត់បង្រៀនរបស់ហ្មដំរី ឡាក់គី ធំធាត់យ៉ាងល្អ មានភាពឆ្លាតវ័យ ខុសពីដំរីទូទៅ ចេះរាំ ចេះស្ដាប់បង្គាប់ទៀតផង។
ពិតជាគួរឲ្យសោកស្ដាយ ដែលលោក ស៊ីថេង សម្រេចចិត្តលាឈប់ពីការងារជាអ្នកថែសត្វ ពិសេសនោះគឺ បែកពី ឡាក់គី ដែលធ្លាប់រួមរស់នៅជាមួយគ្នា ដូចឪពុក និងកូន។
ដើម្បីដឹងកាន់តែលម្អិតសូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]