សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជានៅក្នុងខេត្តកំពង់ធំ។

គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវ​បាន​គិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់ និង​មាន​ពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុន​រចនា​ប្លង់ «មនា ខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១៖ អគារ​ទីស្នាក់ការធំ៖ ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារ​ភ្ជាប់​ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ ដែលជាប្រភេទដំបូល​ដ៏ពេញ​និយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ ៣,១៦៨ ម៉ែត្រក្រឡា ហើយមានតួនាទីសំខាន់​សម្រាប់​បម្រើ​ដល់ការជួបជុំធំៗ ដែលអាចទទួលមនុស្សបានពី ៨០០ ដល់ ១ ០០០នាក់ និង​ជា​ការិយាល័យធ្វើការ បន្ទប់រង់ចាំ សាលប្រជុំតូច។

និងទី២៖ អគាររដ្ឋបាល៖ ត្រូវបានរចនាឡើងស្របតាមស្ថាបត្យកម្មខ្មែរដែលមាន​ដំបូល​ប្រភេទរោងឌឿង និងមានក្រឡាផ្ទៃសរុបទំហំ ៤៧១ម៉ែត្រក្រឡា។ អគារនេះមានមុខ​ងារបម្រើឱ្យការងារទូទៅប្រចាំថ្ងៃរបស់គណបក្សខេត្ត រួមមាន៖ បន្ទប់សម្រាប់​មន្ទីររដ្ឋ​បាល, មន្ទីររណសិរ្ស, គណៈឃោសនាអប់រំ, គណៈចាត់តាំង, គណៈត្រួតពិនិត្យ, គណៈ​ចលនាមហាជន, គណៈហិរញ្ញវត្ថុ និងបន្ទប់ប្រជុំ។

ក្រៅពីអគារសំខាន់ទាំងពីរខាងលើនេះ ក៏មានការសាងសង់អគារ និងហេដ្ឋារចនា​សម្ព័ន្ធ​ពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ អគារផ្ទះបាយដែលមានក្រឡាផ្ទៃសរុបទំហំ ៣០៥ម៉ែត្រក្រឡា, អគារទទួលទានអាហាររួមមានក្រឡាផ្ទៃសរុបទំហំ ២១៩ ម៉ែត្រ​ក្រឡា, រោងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ខ្យូសកម្សាន្ត ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីង​ផ្សេងៗ​ដែល​អាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]